Yearendyearend1140x150

កម្ពុជារំពឹងអំពីកំណើនទេសចរអន្តរជាតិតាមច្រករបៀងខាងត្បូងជាមួយវៀតណាមនិងថៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ (រូបភាព៖ ក្រសួងទេសចរណ៍)

កែប៖ ក្រោយការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាងមុនសម្រាប់ភ្ញៀវទេសចរ កម្ពុជារំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប។

នៅក្នុងឱកាសនេះ ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ការរៀបចំគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹមត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង ហើយតំបន់ឆ្នេរជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកបានយ៉ាងច្រើនក្នុងបរិបទវិបត្តិសកលនេះ។ នេះបើតាមក្រសួងទេសចរណ៍។

ឯកឧត្ដមបានបន្តថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិត មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។

ទន្ទឹមនឹងនេះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។

គួររំលឹកថា កម្ពុជា វៀតណាម និងថៃ បានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង