Yearendyearend1140x150

ទុរេនកំពតឆ្នាំនេះតម្រូវការកើនឡើង ខណៈតម្លៃ១គីឡូពីជាង៣-៤ម៉ឺនរៀល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ ឆ្នាំ២០២២នេះនៅដើមរដូវនៃផ្លែទុរេន តម្រូវការនៅទីផ្សារមានការកើនឡើង បើធៀបនឹងឆ្នាំមុន។ ចំណែកឯតម្លៃទុរេនកំពតឆ្នាំនេះនៅដើមរដូវ ជាមធ្យមតម្លៃចន្លោះពីជាង៣ម៉ឺន-៤ម៉ឺនរៀល ទៅតាមពូជទុរេននីមួយៗ។ នេះបើតាមការឲ្យដឹងពីលោក សេង វណ្ណធឿន ជំនួយការរបស់ប្រធានមន្ទីរកសិកម្មខេត្តកំពត។

លោក សេង វណ្ណធឿន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា តម្រូវការនៅលើទីផ្សារ ទុរេនមានការកើនឡើងជាងឆ្នាំមុនបន្តិច។ រីឯតម្លៃទុរេនកំពតពិតប្រាកដនៅលើទីផ្សារឆ្នាំនេះនៅដើមរដូវ ជាមធ្យមតម្លៃ៖ ទុរេនពូជ សន្តង់កិត តម្លៃ ៣២០០០រៀល/គីឡូក្រាម, ទុរេនពូជ ឱខាក់ ៣៥០០០ រៀល/គីឡូក្រាម, ទុរេនពូជ មួនថង ៤០០០០រៀល/គីឡូក្រាម។

បើតាម លោក សេង វណ្ណធឿន បានឲ្យដឹងទៀតថា បញ្ហាប្រឈមដែលកសិករខ្មែរជួបប្រទះនោះគឺ ទុរេនប្រទេសជិតខាងមានតម្លៃធូរថ្លៃជាងទុរេនកំពត តែរឿងគុណភាព និងរសជាតមិនអាចប្រៀបធៀបជាមួយទុរេនកំពតបានទេ។ មួយវិញទៀតគឺ រឿងមានឈ្មួញមួយចំនួនតូចលួចបន្លំទុរេនកំពត លក់ឱ្យអតិថិជន ដែលគាត់មិនដឹង ធ្វើឱ្យខូចកេរ្ត៍ឈ្មោះផលិតផលទុរេនកំពត។

លោក សេង វណ្ណធឿន បានបញ្ជាក់ថា បច្ចុប្បន្ននេះផ្ទៃដីដាំដុះទុរេន ក្នុងឆ្នាំ២០២១ មាន ១០៥៥ ហិកតា ផ្ទៃដីប្រមូលផល ៨៧៨ ហិកតា ទិន្នផលទទួលបាន ១៥ តោន/ហិកតា និងទទួលបរិមាណផលចំនួន ១៣ ១៧០ តោន។ បើប្រៀបធៀបឆ្នាំ២០២០ ទុរេនមានផ្ទៃដីដាំដុះ ១០៦០ ហិកតា ផ្ទៃដីប្រមូលផល ៨៩៨ ហិកតា ទិន្នផលទទួលបាន ១៥ តោន/ហិកតា និងទទួលបរិមាណផលចំនួន ១៣ ៤៧០ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង