Yearendyearend1140x150

រុស្ស៊ីមានបំណងបើកផ្លូវសមុទ្រដើម្បី«ជួយសម្រួលដល់ការនាំចេញអាហាររបស់អ៊ុយក្រែន»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ដាណឺម៉ាក Maersk ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានចាត់វិធានការប្រឆាំងនឹងប្រទេសរុស្ស៊ី [Ritzau Scanpix/Asger Ladefoged/via Reuters]

រុស្ស៊ី៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បាននិយាយកាលពីថ្ងៃទី ២៥ ថា រុស្ស៊ីមានឆន្ទៈក្នុងការបើកបណ្តាញមនុស្សធម៌តាមសមុទ្រ ដើម្បីជួយសម្រួលដល់ការនាំចេញអាហាររបស់អ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បានដកស្រង់សម្តីលោក Rudenko ថា ភាគីរុស្ស៊ីបានបញ្ជាក់ ម្តងហើយម្តងទៀតថា ការដោះស្រាយបញ្ហាស្បៀងអាហារតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងជាច្រើនរួមទាំងការដកទណ្ឌកម្មផ្នែកនាំចេញ និងហិរញ្ញវត្ថុរបស់ប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែនបានដកស្រង់សម្តីប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ស្គី ដែលបាននិយាយកាលពីថ្ងៃទី ២១ ថា រុស្ស៊ីបានបិទកំពង់ផែអ៊ុយក្រែនស្ទើរតែទាំងអស់ ហើយគ្រាប់ធញ្ញជាតិជាង ២០ លានតោនដែលត្រូវនាំចេញត្រូវបានខកខាន។

រុស្ស៊ីនិងអ៊ុយក្រែនចោទគ្នាទៅវិញទៅមកថា បានដាក់គ្រាប់មីននៅកំពង់ផែ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃទី ២៥ ថា កងទ័ពរុស្ស៊ីបានដោះមីន នៅកំពង់ផែ Mariupol ហើយកំពង់ផែបានវិលមករកភាពប្រក្រតីវិញ។

លោក Rudenko បានសង្កត់ធ្ងន់ថា ប្រសិនបើបណ្តាប្រទេសលោកខាងលិចបញ្ជូននាវាចម្បាំងទៅការពារកប៉ាល់អ៊ុយក្រែនដែលផ្ទុកស្បៀងអាហារនោះស្ថានភាពនៅសមុទ្រខ្មៅនឹងកាន់តែយ៉ាប់យ៉ឺន។

ភាគីអង់គ្លេសបាននិយាយកាលពីថ្ងៃទី២៤ថា ខ្លួនមិនមានបំណងបញ្ជូននាវាចម្បាំងទៅការពារកប៉ាល់អ៊ុយក្រែននៅកំពង់ផែ Odessa ដើម្បីដឹកជញ្ជូនអាហារចេញនោះទេ។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកដែលធ្វើឡើងនៅទីក្រុង Davos ប្រទេសស្វីស តាមរយៈខ្សែវីដេអូកាលពីថ្ងៃទី ២៥ លោក Zelensky បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការសន្ទនាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប៉ុន្តែទាមទារឲ្យទាហាន និង ឧបករណ៍ត្រលប់មកវិញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង