Yearendyearend1140x150

គ.ជ.ប សហការជាមួយអាជ្ញាធរដើម្បីរក្សាសន្តិសុខក្នុងដំណើរការឃោសនាបក្សស្អែកនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ត្រៀមសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរួមមានក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អាជ្ញាធររាជធានី-ខេត្ត ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងដំណើរការឃោសនាបក្ស ចាប់ពីស្អែកនេះតទៅ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការចាប់ផ្ដើមបើកដំណើរការនៃការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃនេះ។

ឯកឧត្ដម ឯម សូផាត សមាជិក គ.ជ.ប  និងជាប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការចាប់ផ្ដើមបើកដំណើរការនៃការឃោសនាបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២០ឧសភានេះ នៅទីស្ដីការ គ.ជ.ប ។ សម្រាប់ការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ គឺត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ទន្ទឹមនេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះ គ.ជ.ប ទទួលរបាយការណ៍ពីគណៈកម្មាការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ថ្នាក់រាជធានី គឺមានគណបក្សទាំង១៧ បានស្នើសុំធ្វើសកម្មភាពឃោសនា។ គណៈកម្មាការរៀបចំឃុំសង្កាត់ រៀបចំការបោះឆ្នោតក៏កំពុងតែសហការជាមួយអាជ្ញាធរដែនដីក្នុងការរៀបចំឲ្យគណបក្សនយោបាយ ព្រមទាំងមានការបែងចែងពេលវេលាដើម្បីចៀសវាងការប្រឈម ការទល់មុខគ្នារវាងការដង្ហែក្បួនទាំងឡាយ ហើយចំនួនពិតប្រាកដយ៉ាងណានោះ នៅទីណាចំនួនប៉ុន្មានគឺមានភាពលម្អិតតាមមូលដ្ឋាននីមួយៗ។

ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ការហែក្បួននៅក្នុងថ្ងៃដំបូងសង្គេតមានសំណើនិងសំណូមពរច្រើនអំពីគណបក្សនយោបាយដែលសុំយកឳកាសថ្ងៃដំបូងជាថ្ងៃហែក្បួន ហើយការហែក្បួនប្រព្រឹត្តទៅដោយមានរថយន្ត ទោចក្រយាន្តយន្ត។ នៅក្នុងសេចក្តីចែងរបស់គ.ជ.ប ថាលើសពី២០នាក់ជាសកម្មភាពហែក្បួនម្តង។ 

ឯកឧត្តម បានបន្តថា ក្រៅពីមន្ត្រីរៀបចំការបោះឆ្នោត បានធ្វើការងារផ្ទាល់ជាមួយអាជ្ញាធរដែនដី ក្នុងនោះក៏មានកិច្ចសហការជាមួយថ្នាក់ដឹកនាំនៃតំណាងគណបក្សនយោបាយដែលនឹងត្រៀមខ្លួនធ្វើការហែក្បួន ធ្វើយ៉ាងណាមិនត្រឹមតែមានការសកម្មចូលរួមរបស់មន្ត្រីរៀបចំការបោះឆ្នោត ឬក៏អាជ្ញាធររៀបចំដែនដី ប៉ុន្តែគណបក្សនយោបាយក៏មានតួនាទីរៀបចំ និងគ្រប់គ្រងឲ្យបាននូវស្ថានភាពដឹកនាំរបស់ខ្លួនឆ្ពោះទៅរកទិសដៅដែលបានកំណត់ដោយគណៈកម្មាការរៀបចំការបោះឆ្នោតឃុំសង្កាត់ ក៏ដូចជាគណៈកម្មាការរាជធានីខេត្តរៀបចំការបោះឆ្នោត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង