Yearendyearend1140x150
Img 0571

រដ្ឋាភិបាលកម្ពុជាគ្រោងបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ២០២២ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានមួយថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (រូបភាព៖ ក្រសួងសេដ្ឋកិច្ច)


ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋក្នុងឆ្នាំ ២០២២ នេះ ដើម្បីបង្កើតនូវប្រភពហិរញ្ញប្បទានមួយថ្មី សម្រាប់ការកៀរគរទុនរបស់រដ្ឋ ក៏ដូចជាដើម្បីបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី សម្រាប់វិនិយោគិននៅក្នុងទីផ្សារមូលបត្រ ជាពិសេស វិនិយោគិនស្ថាប័នដូចជា ធនាគារ, ក្រុមហ៊ុនធានារ៉ាប់រង, មូលនិធិសោធនិវត្តន៍, មូលនិធិសន្តិសុខសង្គមជាដើម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ។

យោងតាមសេចក្តីជូនដំណឹង ឧបករណ៍ហិរញ្ញវត្ថុថ្មី រំពឹងថានឹងទទួលបានការពេញនិយមសម្រាប់ការជួញដូរនៅក្នុងផ្សារមូលបត្រកម្ពុជា និង ផ្តល់នូវទិន្នន័យ Benchmark សម្រាប់ការជួញដូរមូលបត្រសាជីវកម្ម និង ការវិភាគហិរញ្ញវត្ថុនានា ដូចត្រូវបានអនុវត្តនៅក្នុងប្រទេសដែលមានវិស័យមូលបត្ររីកចម្រើន ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅកម្ពុជា បានចាប់ផ្តើមក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានចាត់ឱ្យមានការបង្កើតក្រុមការងារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីសិក្សាអំពីលទ្ធភាពនៃការបង្កើតទីផ្សារមូលបត្រនេះឡើងនៅក្នុងឆ្នាំ ២០០៦ ហើយត្រូវបានដឹកនាំផ្ទាល់ដោយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាតឈន់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្រសួងបញ្ជាក់ថា ជារួម វិស័យមូលបត្រនៅកម្ពុជា ត្រូវបានសន្មតថា បានចាប់ផ្តើមបដិសន្ធិឡើង ជាមួយនឹងការដាក់ឱ្យប្រើនូវច្បាប់ស្តីពីការបោះផ្សាយ និង ជួញដូរមូលបត្រមហាជន ក្នុងឆ្នាំ ២០០៧ និងការដាក់ឱ្យដំណើរការនូវ គណៈកម្មការមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០០៨ និង តួអង្គនានាក្នុងវិស័យមូលបត្រជាបន្តបន្ទាប់ ។

រីឯផ្សារមូលបត្រកម្ពុជាវិញ ត្រូវបានបង្កើតឡើងក្រោមរូបភាពជាក្រុមហ៊ុនចម្រុះរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋ-កិច្ច និង ហិរញ្ញវត្ថុ និង ក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ក្នុងឆ្នាំ ២០១០ និង បានបើកដំណើរ-ការជួញដូរមូលបត្រជាលើកដំបូងនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១២ ជាមួយនឹងការ-ចុះបញ្ជីជួញដូរមូលបត្ររបស់សហគ្រាសសាធារណៈចំនួនមួយ គឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង