Cc time
Cct850x100 1
Itt 0  web banner

ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ប្រភពរូប៖ Global Look Press / Jeremy Hoare

ជប៉ុន៖ រដ្ឋាភិបាលជប៉ុន បានដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីជុំវិញការបន្តសកម្មភាពយោធានៅអ៊ុយក្រែន។ ដោយក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា វិធានការរឹតត្បិតនេះផ្តោតលើមន្ត្រីរុស្ស៊ី ពាណិជ្ជករ និងសមាជិកគ្រួសាររបស់ពួកគេ រួមទាំងនាយករដ្ឋមន្ត្រី Mikhail Mishustin ក៏ដូចជាបុគ្គលជាង ១៣០ នាក់មកពីសាធារណរដ្ឋ Donbass ។

មេដឹកនាំនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk គឺ លោក Denis Pushilin និង Leonid Pasechnik ក៏មាននៅក្នុងបញ្ជីផងដែរ។ ក្រសួងបាននិយាយថា វិធានការរឹតត្បិតពាក់ព័ន្ធនឹងការបង្កកទ្រព្យសម្បត្តិរបស់ប្រជាជនទាំងនេះនៅក្នុងប្រទេសជប៉ុន។ ទីក្រុងតូក្យូ ក៏បានហាមឃាត់ការនាំចេញដែលមានគោលដៅសម្រាប់ក្រុមហ៊ុនរុស្ស៊ីចំនួន ៧១ រួមទាំងការសាងសង់កប៉ាល់ និងកន្លែងស្រាវជ្រាវ ក៏ដូចជាក្រុមហ៊ុនការពារជាតិផងដែរ។ ក្រុមហ៊ុនផលិតប្រព័ន្ធប្រឆាំងយន្តហោះរដ្ឋរបស់រុស្ស៊ី Almaz-Antey ស្ថិតក្នុងចំណោមក្រុមហ៊ុន ដែលកំណត់គោលដៅដោយការដាក់ទណ្ឌកម្ម។

ដោយឡែកការនាំចេញកុំព្យូទ័រ quantum ម៉ាស៊ីនបោះពុម្ព 3D និងផលិតផលបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតទៅកាន់ប្រទេសរុស្ស៊ីក៏ត្រូវបានហាមឃាត់ផងដែរ។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បាននិយាយថា ទីក្រុងតូក្យូថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយក៏បានបញ្ជាក់ផងដែរថា ជប៉ុននឹងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ស្របតាមសេចក្តីសម្រេចនាពេលថ្មីៗនេះរបស់ G7 ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន។

កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ការបញ្ឈប់ប្រេងពីរុស្ស៊ី គឺជា "ការសម្រេចចិត្តដ៏លំបាកមួយ" សម្រាប់ប្រជាជាតិមួយ "ពឹងផ្អែកខ្លាំងលើការនាំចូលថាមពល" ដោយវានឹងត្រូវការពេលវេលា។

ជប៉ុនបានគាំទ្ររបបទណ្ឌកម្មលោកខាងលិចចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន។ ទីក្រុងតូក្យូ បានបង្កកទ្រព្យសម្បត្តិរបស់បុគ្គលរុស្ស៊ី ហាមឃាត់ការនាំចូលទំនិញមួយចំនួន និងបានចាប់ផ្តើមផ្អាកការនាំចូលធ្យូងថ្មរបស់រុស្ស៊ី ដែលស្មើនឹងប្រហែល ១១% នៃតម្រូវការធ្យូងថ្មរបស់ប្រទេស។

ការវិវឌ្ឍនេះបាននាំឱ្យមានការប្រេះឆារវាងទីក្រុងតូក្យូ និងមូស្គូ ដោយកាលពីថ្ងៃទី៤ ខែឧសភា រុស្ស៊ីបានហាមប្រាមមន្ត្រីជប៉ុនចំនួន ៦៣នាក់ រួមទាំងលោក Kishida និងឥស្សរជនសាធារណៈមិនឱ្យចូលប្រទេស។ រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏ដូចជារដ្ឋមន្ត្រីការពារជាតិ ហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីយុត្តិធម៌ ក៏បានធ្វើបញ្ជីនេះដែរ។

កាលពីខែមីនា ទីក្រុងមូស្គូ បានបញ្ឈប់ការរៀបចំឆ្នាំ ១៩៩១ ដែលអនុញ្ញាតឱ្យពលរដ្ឋជប៉ុនទៅលេងកោះ Kuril ដោយគ្មានទិដ្ឋាការ ហើយបានផ្តាច់កិច្ចពិភាក្សាជាមួយប្រទេសជប៉ុនស្តីពីការបញ្ចប់សង្គ្រាមលោកលើកទី ២ ជាផ្លូវការ ដោយលើកឡើងពីទង្វើ "មិនរាក់ទាក់" របស់ទីក្រុងតូក្យូ។

ប្រទេសទាំងពីរមិនដែលបានចុះហត្ថលេខាជាផ្លូវការនូវសន្ធិសញ្ញាសន្តិភាពបន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដោយសារតែជម្លោះលើកោះភាគខាងត្បូងបំផុតចំនួនបួននៅក្នុងកោះ Kuril ដែលប្រទេសជប៉ុនហៅថាដែនដីភាគខាងជើង។ កាលពីខែមេសា រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi បានហៅកោះនេះថា "កាន់កាប់ដោយខុសច្បាប់" នៅក្នុងទិដ្ឋភាពទូទៅនៃគោលនយោបាយការបរទេសប្រចាំឆ្នាំរបស់ក្រសួង៕

Khcct banner

អត្ថបទទាក់ទង