Cc time
Cct850x100 1
Itt 0  web banner

អ្នកធាក់ស៊ីក្លូនៅភ្នំពេញ ៣០០នាក់ទទួលអំណោយរបស់សម្តេច ហ៊ុន សែន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា នៅថ្ងៃទី០៧ឧសភានេះ បាននាំយកនូវអំណោយរបស់សម្តេចហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូនៅភ្នំពេញចំនួន៣០០នាក់ នៅសាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការលំបាកក្នុងជីវភាពរបស់ពួកគាត់។

លោកម៉េត មាសភក្តី បានឱ្យដឹងថា សម្តេច ហ៊ុន សែន តែងក្រើនរំលឹកអោយ​ឯកឧត្តម​ ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលពួកគាត់ជួបការលំបាក ខ្វះខាតត្រូវជួយពួកគាត់ភ្លាម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ ឧសភានេះ ឯកឧត្តម​ ឃួង ស្រេង បានចាត់ឲ្យលោក នាំយកនូវអំណោយរបស់សម្តេច ហ៊ុន សែន ចែកជូនបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ,មី១កេសតូច ,ទឹកស៊ីអ៊ីវឬទឹកត្រី១យូរ, ត្រីខ១យូរ និងប្រេងឆា១ដប។

ជាមួយគ្នានេះដែរ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានអាវឯកសណ្ឋានចំនួន២កំប្លេនិងបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ផងដែរ។

លោកម៉េត មាសភក្តី បន្តទៀតថា សម្តេច ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនអ្នកធាក់ស៊ីក្លូទាំងនេះ ដោយក្នុងបរិបទជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែលជូនពួកគាត់ថែមទៀត។

ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង់ ក្នុង១ដង៧ម៉ឺនរៀល។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង៕


Khcct banner

អត្ថបទទាក់ទង