Yearendyearend1140x150
Img 0571

មន្ត្រីជំនាញសុខាភិបាលណែនាំឱ្យប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមក្នុងរដូវភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មន្ត្រីជំនាញសុខាភិបាល អំពាវនាវឱ្យមាតាបិតា ត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗខណៈរយៈពេលបួនខែដើមឆ្នាំនេះ ករណីកើតឡើងជំងឺគ្រុនឈាម នៅក្នុងប្រទេសកម្ពុជា គឺមានរហូតដល់ទៅជាង៦០០ករណី ដូចនេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយការស្លាប់ និងឆ្លងនូវជំងឺមួយនេះ។

លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនិងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ទិន្នន័យនៃការឆ្លង និងករណីកើតជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា ត្រឹមតែរយៈពេលបួនខែដើមឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាម ជាង៦០០ករណី បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ឆ្នាំ គឺមានការកើនឡើងច្រើនជាង ហើយចំនួននេះក៏នឹងបន្តហក់ឡើងកាន់តែច្រើនឡើងទ្វេដង។

លោកវេជ្ជបណ្ឌិតបានបន្តថា ខេត្តដែលមានជំងឺគ្រុនឈាមច្រើនជាងគេនោះ គឺ រាជធានីភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តកំពង់ចាម ។ ជាមួយគ្នានេះ មន្ត្រីសុខាភិបាលក៏បានចាប់ផ្តើមធ្វើសកម្មភាព នៅក្នុងការចុះដាក់ថ្នាំអាបែតជាបន្តបន្ទាប់ នៅតាមបណ្ដាខេត្តទាំងនោះ ដើម្បីទប់ស្កាត់ការឆ្លង និងការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

លោកវេជ្ជបណ្ឌិតក៏បានបន្តទៀតថា រដូវវស្សាគឺមានភ្លៀងធ្លាក់ច្រើនជាហូរហែ ដូចពេលនេះជាឱកាសមួយ នៃការបង្កលក្ខណៈងាយស្រួល ឱ្យសត្វមូសខ្លាកើតកាន់តែខ្លាំង និងកាន់តែច្រើន ហើយជំងឺគ្រុនឈាមកើតមានច្រើនឡើងផងដែរ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះកូនតូចៗ ដោយកុំទុកឱ្យកូននៅតែម្នាក់ឯង ឬក៏គេងដោយមិនបានដាក់មុងជាដើម ជាពិសេសគឺចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាច ព្រោះចន្លោះពេលនេះគឺជាពេលដែលសត្វមូសខ្លាចេញ។

លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបែតប្រមាណជា១០០តោន សេរ៉ូម៦ទៅ៧ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ចំនួន៦០០០លីត្រ និងបានត្រៀមនូវខិត្តប័ណ្ណអប់រំ ស្ដីពីជំងឺគ្រុនឈាម ដើម្បីបង្ការនិងទប់ស្កាត់ ក្នុងករណីជំងឺគ្រុនឈាមនេះ មានការឆ្លងរាតត្បាតជាលក្ខណៈទ្រង់ទ្រាយធំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង