Yearendyearend1140x150

អ្នកសេដ្ឋកិច្ច៖ អ្នកស្នើឱ្យផ្អាកសងប្រាក់ត្រូវទទួលខុសត្រូវពេលធនាគារ និងហិរញ្ញវត្ថុរលំ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច។

ភ្នំពេញ៖ អ្នកសេដ្ឋកិច្ចបានលើកឡើងថា អ្នកដែលស្នើឱ្យមានការផ្អាកសងប្រាក់ត្រូវទទួលខុសត្រូវ ប្រសិនបើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដួលរលំ។ ចំពោះការអំពាវនាវឱ្យមានការផ្អាកបង់ប្រាក់នេះ មិនសមស្របតាមលក្ខណៈបច្ចេកទេស និងមិនមានវិជ្ជាជីវៈនោះទេ ព្រោះអាចធ្វើឱ្យមានវិបត្តិធ្ងន់ធ្ងរដល់វិស័យហិរញ្ញវត្ថុ និងធនាគារ។ នេះបើតាមការយល់ឃើញរបស់លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច។

លោក ង៉ែត ជូ បានគូសបញ្ជាក់ថា ត្បិតតែសេដ្ឋកិច្ចមានវិបត្តិ មនុស្សមួយចំនួនមានចំណូលធ្លាក់ចុះ ឬបាត់បង់ចំណូលទាំងស្រុង ក៏នៅមានមនុស្សជាច្រើនមានលទ្ធភាពសងបំណុលទៅគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតាមប្រក្រតី។

អ្នកសេដ្ឋកិច្ចរូបនេះបន្តថា ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានអនុញ្ញាតឱ្យមានឥណទានរៀបចំឡើងវិញ (សងការប្រាក់ និងប្រាក់ដើមតាមលទ្ធភាពជាក់ស្តែងរបស់អតិថិជន) ដល់អតិថិជនជាង១៥ម៉ឺននាក់ដែលស្មើនឹងជិត៦%នៃចំនួនអតិថិជនសរុប២លាន៦សែននាក់។

បើទោះជាមានការស្នើសុំឱ្យមានឥណទានរៀបចំឡើងវិញកើនឡើងពី៦%ទៅ៥០% ក៏មិនគួរមានការផ្អាកបង់ប្រាក់សំរាប់អតិថិជនទាំងអស់ដែរ ព្រោះគ្រឹះស្ថានទាំងនោះត្រូវការចំណូលដើម្បីទ្រទ្រង់ចំណាយប្រតិបត្តិការ និងចំណាយថ្លៃដើមហិរញ្ញវត្ថុរាល់ខែដូចជា ចំណាយប្រតិបត្តិការរួមមាន ប្រាក់ខែបុគ្គលិករាប់ម៉ឺននាក់ ការជួលការរិយាល័យ ចំណាយរដ្ឋបាលផ្សេងៗ ព្រមទាំងការចំណាយលើហិរញ្ញវត្ថុរួមមាន ការប្រាក់សំរាប់ម្ចាស់បំណុលបរទេស ចំណាយការប្រាក់សំរាប់ប្រាក់បញ្ញើ។

គួរបញ្ជាក់ថា ដោយសារតែបញ្ហាកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសកម្មករដែលអត់ការងារធ្វើពេលរោងចក្រព្យួរការងារ ហើយកម្មករទាំងអស់នោះភាគច្រើនជាប់បំណុលនៅធនាគារ។

តែយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីជួយកម្មករ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកប៉ះពាល់ខ្លាំង។ ចំណែកធនាគារជាតិនៃកម្ពុជាវិញ ធ្លាប់បានផ្តល់អនុសាសន៍ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាមួយអតិថិជនប្រកបដោយភាពទន់ភ្លន់ និងអនុគ្រោះ ស្របតាមស្មារតីនៃសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជាស្តីពីការរៀបចំឥណទានទ្បើងវិញ សម្រាប់គ្រប់វិស័យ។ ប៉ុន្តែអតិថិជនត្រូវមានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាលំបាកជាក់ស្តែងរបស់ខ្លួន ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង