Cc time
Cct850x100 1
Itt 0  web banner

រដ្ឋមន្ត្រីក្រសួងការងារ៖ការវិនិយោគរបស់ក្រុមហ៊ុនCPនៅកម្ពុជាបានបង្កើតមុខរបរថ្មីជូនពលរដ្ឋកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក Preeda Chunwong អគ្គនាយករង C.P នៅកម្ពុជា (រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ)

ភ្នំពេញ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកត់សម្គាល់ឃើញថា ការវិនិយោគរបស់ក្រុមហ៊ុន CP នៅកម្ពុជា ពិតជាបានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច បង្កើតមុខរបរថ្មី ឱកាសការងារ ជូនដល់ពលរដ្ឋកម្ពុជា។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនៅក្នុងឱកាសអនុញ្ញាតឲ្យ លោក Preeda Chunwong អគ្គនាយករង C.P នៅកម្ពុជា ចូលជួបពិភាក្សាអំពីកិច្ចការមួយចំនួនរបស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

នៅក្នុងឱកាសនេះ ឯកឧត្តមបន្តថា ក្រុមហ៊ុនមិនត្រឹមតែចូលរួមនៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជានោះទេ ក្រុមហ៊ុនក៏បានផ្តល់ការងារជូនដល់ពលករកម្ពុជាបានយ៉ាងច្រើនទាំងនៅក្នុងស្រុក និងផ្តល់ឱកាសការងាររបស់ក្រុមហ៊ុនដល់ពលករកម្ពុជានៅក្នុងប្រទេសថៃថែមទៀត។

ឯកឧត្តម សង្កត់ធ្ងន់ថា ក្រុមហ៊ុន CPនៅកម្ពុជា គោរពបានយ៉ាងត្រឹមត្រូវតាមលក្ខខណ្ឌ បទដ្ឋានការងារសម្រាប់កម្មករនិយោជិត ដោយឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងបន្តពង្រីកនូវគម្រោងរបស់ខ្លួនថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ លោក Preeda Chunwong អគ្គនាយករង C.P នៅកម្ពុជា បានលើកឡើងថា ក្រុមហ៊ុននឹងធ្វើការបណ្តាក់ទុនបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជួយដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនដូចគ្នាទៅនឹងក្រុមហ៊ុនដែរ ហើយពលករកម្ពុជានឹងទទួលអត្ថប្រយោជន៍ស្មើៗគ្នាទៅនឹងពលកររបស់ប្រទេសដទៃផ្សេងទៀត។

លោកបន្តថា មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន មានកម្មវិធីបណ្តុះបណ្តាល កសាងសមត្ថភាព ដោយពលករធម្មតា ឲ្យក្លាយជាពលករជំនាញ និងផ្តល់អាហារូបករណ៍ដល់ពួកគេក្នុងការទទួលបានការសិក្សារៀនសូត្រ បំប៉មសមត្ថភាពដើម្បីក្លាយខ្លួនជាអ្នកដឹកនាំនៅក្នុងផ្នែកនីមួយៗ របស់ក្រុមហ៊ុននាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញក្តីរីករាយជាខ្លាំង ដែលខាងក្រុមហ៊ុនបានបញ្ជាទិញកសិផល ពីប្រជាកសិករខ្មែរ ទាំងនេះចាត់ទុកជាទីផ្សារមួយដ៏សំខាន់ ជួយដោះស្រាយជីវភាពរបស់ពួកគាត់បានប្រសើរមួយកម្រិត។ ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ិត សំហេង បានលើកទឹកចិត្តដល់ក្រុមហ៊ុនគួរបង្កើនភាពជាដៃគូ ដោយធ្វើការបញ្ជាទិញកសិផលពីកសិករខ្មែរឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះវាមានន័យណាស់សម្រាប់សេដ្ឋកិច្ច។ ឯកឧត្ដម លើកឡើងថា គណៈកម្មការផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ នឹងបញ្ជូនក្រុមការងារបច្ចេកទេស ទៅបំពេញបេសកកម្មនៅព្រះរាជាណាចក្រថៃឡង់ដ៏ ដើម្បីបន្តសុពលភាពប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) និងលិខិតធ្វើដំណើរ (TD)។

ដូច្នេះ ប្រសិនជាពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រុមហ៊ុនដែលផុតសុពលភាព ឬសុពលភាពនៅសល់ក្រោម ៦ខែ អាចដាក់ពាក្យស្នើសុំបន្តសុពលភាពតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ។ នេះជាប្រសាសន៍របស់ ឯកឧត្តម អ៊ិត សំហេង៕

Khcct banner

អត្ថបទទាក់ទង