Yearendyearend1140x150

កម្ពុជាគ្រោងអភិវឌ្ឍន៍កំពង់ផែជាច្រើនបន្ថែម ដើម្បីកាត់បន្ថយចំណាយការដឹកជញ្ជូន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/


ក្រុងព្រះសីហនុ៖ ក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជនក្រសួង និងនិស្សិតវិទ្យាស្ថាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ មេសា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍កំពង់ផែជាច្រើនបន្ថែមទៀតដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃការប្រកួតប្រជែងឱ្យកាន់ប្រសើរឡើង និងគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ក្នុងការចូលរួមចំណែកពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាតិប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ជួយពន្លឿននីតិវិធីចេញ-ចូលនាវា នៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផងដែរ។

ឆ្លើយតបទៅនឹងសំណូមពររបស់និស្សិតស្នើសុំឱ្យមានកម្មសិក្សានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឆ្លើយតបថា ក្រសួងនឹងជ្រើសរើសនិស្សិតឆ្នើមចំនួន៥នាក់ មកធ្វើការសម្រាប់រយៈពេលពីពីរទៅបីខែ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅពេលវិស្សមកាលដើម្បីធ្វើកម្មសិក្សា ក៏ដូចជាស្វែងយល់អំពីកំពង់ផែនេះផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃកត្តាសុខសន្តិភាពដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលទាក់ទាញទេសចរណ៍រាប់លាននាក់មកលេងកម្ពុជា និងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុមាននាវាធំៗចូលចត មានឱកាសនាំយកផលិតផលទៅលក់នៅបរទេស ជំរុញឱ្យពាណិជ្ជកម្មមានការរីកចម្រើន មានការងារធ្វើ មានឱកាសកសាងស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រលានយន្តហោះ និងកំពង់ផែជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានចោទសួរ និងឆ្លើយអំពីមូលហេតុដែលនាំឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុត្រូវពង្រីកបន្ថែម គឺដោយសារមានកប៉ាល់ចូលច្រើន ហេតុផលនាំឱ្យមានកប៉ាល់ចូលច្រើន គឺដោយសារទំនិញដឹកចេញដឹកចូលច្រើន ហេតុផលនាំឱ្យមានទំនិញដឹកចេញចូលច្រើន គឺដោយសារសេដ្ឋកិច្ចមានការរីកចម្រើន និងជាចុងក្រោយបានសួរថា៖ ហេតុដូចម្ដេចបានជាសេដ្ឋកិច្ចមានការរីកចម្រើន ចម្លើយគឺដោយសារសុខសន្តិភាព។ ដូច្នេះសុខសន្តិភាពគឺជាកត្តាកំណត់មិនអាចខ្វះបានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង