Yearendyearend1140x150
Img 0571

ជប៉ុនប្តេជ្ញាចិត្តជម្រុញបន្ថែមនូវការវិនិយោគនិងធ្វើពាណិជ្ជកម្មលើទំនិញនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ ឯកឧត្តម Fumiaki TAKASHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ជប៉ុនប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួលជំរុញសកម្មភាព ធុរកិច្ច និងវិនិយោគបន្ថែមទៀត លើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី និងស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩។ ការបេ្តជ្ញាចិត្តនេះត្រវបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ ឯកឧត្តម Fumiaki TAKASHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

នៅក្នុង ឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើឱ្យក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនជប៉ុន ព្រមទាំងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួលដ៏ល្អប្រសើរក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត ស្របពេលដែលកម្ពុជាមានវិស័យសក្តានុពលជាច្រើនទៀត ជាពិសេស ឱកាសដែលទទួលបានក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ និងអាសិបចូលជាធរមាន។

ជាការឆ្លើយតប ឯកឧត្តម Fumiaki TAKASHASHI និងគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន បានសម្តែងការពេញចិត្ត និងថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ពេលវេលាជម្រាបជូនអំពីកិច្ចសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការបន្តសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ច-វិនិយោគិនជប៉ុន សំដៅជំរុញ បន្ថែមនូវការវិនិយោគ ព្រមទាំងធ្វើពាណិជ្ជកម្មលើទំនិញ និងវិស័យសក្តានុពលដទៃទៀតរបស់កម្ពុជា។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀតពាក់ព័ន្ធនឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយកាត់បន្ថយឧស្ម័នកាបូនរយៈពេលវែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពល (Energy Transition) ជាដើម។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួលជំរុញសកម្មភាព ធុរកិច្ច និងវិនិយោគបន្ថែមទៀត លើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី និងស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង