Yearendyearend1140x150
Img 0571

ពលរដ្ឋជាង១០០គ្រួសាររងផលប៉ះពាល់ដោយការពង្រីកក្រុមហ៊ុនអាជីវកម្មថ្មនៅខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

បាត់ដំបង៖ អ្នកភូមិនៅខេត្តបាត់ដំបង ភាគពាយ័ព្យនៃប្រទេសកម្ពុជាបានរាយការណ៍ពីវិធានការដ៏តឹងរ៉ឹង ដែលក្រុមហ៊ុនធ្វើអាជីវកម្មថ្មបរទេសអនុវត្តក្នុងការស្វែងរកប្រាក់ចំណេញបន្ថែមទៀត។ លោក ប៊ឺ សារ៉ាន់ មេភូមិប៉ោយស្វាយ ឃុំតាគ្រាម បានមានប្រសាសន៍ថា ការងាររបស់ក្រុមហ៊ុនអាជីវកម្មថ្មបានប៉ះពាល់ដល់ភូមិជាច្រើន។

លោក សារ៉ាន់ បានបន្ថែមថា ប្រជាពលរដ្ឋជាង ១០០ គ្រួសារនៅជុំវិញទីតាំងក្រុមហ៊ុនបានរងការប៉ះពាល់យ៉ាងខ្លាំងដោយធូលីដីដោយសារការជីកកកាយភ្នំនិងការដឹកជញ្ជូនរបស់ឡានធំៗ ខណៈដីចម្ការរបស់ពលរដ្ឋបាត់បង់ទិន្នផលច្រើន។

លោក សារ៉ាន់ បាននិយាយថា អ្នកភូមិទាមទារឱ្យក្រុមហ៊ុនដែលប្រតិបត្តិការនៅជិតពួកគេជួយសម្រាលទុក្ខលំបាក ដោយបាញ់ទឹកលើផ្លូវ ដើម្បីកាត់បន្ថយធូលីដីដែលហ៊ុយ ហើយគ្រាន់តែបិទបាំងរថយន្តដឹកដី ដើម្បីការពារកុំឱ្យថ្មធ្លាក់មកលើផ្លូវ។ កង្វះវិធានការសុវត្ថិភាព របស់ក្រុមហ៊ុនអាជីវកម្មថ្ម ដែលធ្វើអាជីវកម្មនៅជាប់ភូមិ បានបណ្តាលឲ្យអ្នកភូមិម្នាក់បានស្លាប់ កំឡុងពេលពួកគេកំពុងបំផ្ទុះភ្នំដែលធ្វើឱ្យដុំថ្មហោះមកប៉ះក្បាលនាពេលកន្លងមក។

លោក សារ៉ាន់ បានឲ្យដឹងថា កាលពីមុនភ្នំនេះមានសោភណ្ឌភាពស្អាតណាស់ មានព្រៃឈើដុះច្រើន មានទំពាំង មានផ្សិត និងដើមឈើធំៗ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រទេសយើងមានការអភិវឌ្ឍច្រើន ជាពិសេសការកសាងផ្លូវថ្នល់ តម្រូវការថ្មច្រើន ដូច្នេះក្រុមហ៊ុនមួយចំនួនបានស្នើរសុំច្បាប់ពីរដ្ឋាភិបាលដើម្បីធ្វើអាជីវកម្មនៅទីនេះ។

ចំណែក លោក ប្រាជ្ញ ពៅ អ្នកភូមិរងការប៉ះពាល់ បាននិយាយថា បច្ចុប្បន្ននេះក្រុមហ៊ុនអាជីវកម្មថ្មកំពុងដំណើរការនៅខាងលិចផ្ទះរបស់លោក មានម៉ាស៊ីនបំបែបថ្មច្រើនណាស់ ចាប់ផ្តើមធ្វើទ្រង់ទ្រាយធំនៅឆ្នាំនេះ មានក្រុមហ៊ុនចិន និងក្រុមហ៊ុនផ្សេងៗទៀតជាច្រើន។ លោកបន្តថា ក្រុមហ៊ុនទាំងនោះមកបោះទីតាំងនៅទីនេះយូរហើយ មកដល់ពេលនេះពួកគេបំផ្លាញភ្នំអស់២ទៅហើយ។ សព្វថ្ងៃនេះពួកគេកំពុងបំផ្លាញផ្សេងៗទៀត ម៉ាស៊ីនបំបែកថ្មនៅពេញដី រីឯឡានវិញចេញ ចូល គ្មានឈប់ទាំងយប់ទាំងថ្ងៃ។

រីឯលោក ប្រាជ្ញ ឆែម ជាអ្នកភូមិរងការប៉ះពាល់ បានឲ្យដឹងដែរថា ឡានធ្វើអាជីវកម្មបើកកាត់តំបន់នេះម្តងៗហ៊ុយណាស់ ឡានបាញ់ទឹកម្តងៗបានតែបន្តិចស្ងួតវិញហើយ នៅលើផ្ទះលោកវិញសុទ្ធតែធូលី។ លោកមិនដឹងត្រូវធ្វើយ៉ាងណានោះទេ ព្រោះនេះជាអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះ។

លោក ប៊ឺ សារ៉េន ជាមេភូមិប៉ោយស្វាយ ឃុំតាគ្រាម បាននិយាយថា ប្រជាជនចង់ឲ្យក្រុមហ៊ុនកំពុងធ្វើអាជីវកម្មនៅកន្លែងនេះជួយស្រោចទឹកតាមផ្លូវឱ្យបាន៥ដងក្នុងមួយថ្ងៃ ហើយជួយកសាងផ្លូវចាក់បេទីមឱ្យស្អាត និងចំនុចមួយទៀតខាងអាជ្ញាធរភូមិចង់អោយក្រុមហ៊ុនជួយគ្របឡានដឹកទាំងនោះឱ្យបានល្អកំឱ្យមានការធ្លាក់ជ្រុសកម្ទិចថ្មមកលើផ្លូវថ្នល់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង