Yearendyearend1140x150

កម្ពុជាទទួលបានភ្ញៀវជិត៣៣ម៉ឺននាក់នៅក្នុងចុងសប្ដាហ៍ទី៣ខែមេសា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរចេញដើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅប្រទេសកម្ពុជានៅក្នុងចុងសប្ដាហ៍ទី៣ខែមេសានេះ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញអំពីស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២២ ដោយនៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបចំនួន ៣២៧,២៧០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១១,៥៥១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៧១៩នាក់ ហើយបើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅមានប្រជាពលរដ្ឋបន្តដើរកម្សាន្តសប្បាយច្រើនទៀត។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៤,៨៣៨នាក់, ខេត្តបាត់ដំបង ៤១,៦៦៧នាក់, ខេត្តពោធិ៍សាត់ ៣០,៩៦០នាក់, រាជធានីភ្នំពេញ ៣០,៨៩៥នាក់, ខេត្តកំពត ២៦,៦៤៤នាក់, ខេត្តកែប ២៥,២៨៥នាក់ និង ខេត្តសៀមរាប ២២,៦៩៣នាក់។

ជាមួយគ្នានេះ ក្រសួងបន្ថែមថា ចំនួនភ្ញៀវប្រមាណជិត៣៣ម៉ឺននាក់នាចុងសប្តាហ៍នេះ នៅតែជាចំនួនមួយច្រើនធៀបនឹងចុងសប្តាហ៍ធម្មតាដែលពុំមានពិធីបុណ្យជាតិ ដែលមានចំនួនជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។ បើទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ តែនៅតាមតំបន់មួយចំនួន ប្រជាពលរដ្ឋបានបន្តកម្សាន្តសប្បាយ និងរៀបចំពិធីឆ្លងចូលឆ្នាំនៅតាមវត្តអារាមនានារហូតដល់ចុងសប្តាហ៍នេះ។

ភាគច្រើននៃភ្ញៀវក្នុងសប្តាហ៍នេះ គឺជាភ្ញៀវក្នុងរាជធានីខេត្តនីមួយៗផ្ទាល់ ដោយប្រជាពលរដ្ឋភាគច្រើនបានដើរកម្សាន្តតាមបណ្តាខេត្តរួចហើយកាលពីឱកាសពិធីបុណ្យចូលឆ្នាំ។ ប៉ុន្តែក៏នៅមានប្រជាពលរដ្ឋខ្លះ ពិសេសអ្នកភ្នំពេញដែលខកខានមិនបានដើរលេងនាឱកាសចូលឆ្នាំដោយសារពួកគាត់មិនចង់ជួបជុំកកកុញមនុស្សច្រើន បានចេញដើរកម្សាន្តនាចុងសប្តាហ៍នេះ ពិសេសគោលដៅខេត្តតំបន់ឆ្នេរនៃខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពតជាដើម។ នេះបើតាមក្រសួង។

ទន្ទឹមនឹងនេះ បើទោះបីជាពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ក្រសួងទេសចរណ៍ក៏នៅតែជំរុញឲ្យមន្ទីរទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តបន្តពង្រឹងការអនុវត្ត SOP ទប់ស្កាត់ជំងឺកូវីដ-១៩ និងការជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរនាឱកាសថ្ងៃឈប់សម្រាកនាពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង