Yearendyearend1140x150

កម្ពុជាឱ្យវៀតណាមបញ្ចប់ជាបន្ទាន់នូវសកម្មភាព«រំលោភតំបន់ព្រំដែន»មិនទាន់ឯកភាព

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតមួយទៅកាន់ក្រសួងការបរទេសវៀតណាម ដើម្បីស្នើឱ្យរដ្ឋាភិបាលវៀតណាម រុះរើទីតាំងយោធាទាំងអស់ចេញពីតំបន់ព្រំដែន ដែលតំបន់នោះពុំទាន់បានឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរនៅឡើយ។ លិខិតនេះធ្វើឡើងដោយសារតែវៀតណាមមិនទាន់ រើតង់យោធារបស់ខ្លួនទាំងអស់ ចេញពីតំបន់មិនទាន់ឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយនោះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា វត្តមានរបស់យោធាវៀតណាមនៅតាមបណ្ដោយព្រំដែនដែលមិនទាន់បានឯកភាពគ្នា គឺបានរំលោភលើចំណុចទី៨ នៃសេចក្តីប្រកាសរួម កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ ប្រការ៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ការចរចាដោយភាគីកម្ពុជា និងវៀតណាម។

លោកបានស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងអស់ចេញ និងដកកម្លាំងយោធាចេញពីទីតាំងខាងលើ និងបញ្ឈប់នូវរាល់សកម្មភាពនានាជាបន្ទាន់ និងរក្សាបរិស្ថានភូមិសាស្ត្រនៅតំបន់ទាំងអស់នោះឱ្យដូចសភាពដើម រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកំណត់ច្បាស់លាស់ខ្សែបន្ទាត់ព្រំដែននៅតំបន់ទាំងនោះ។ហើយវៀតណាមត្រូវធានាថាសកម្មភាពបែបនេះ នឹងមិនកើតឡើងជាដាច់ខាតក្នុងពេលអនាគត។

គួរបញ្ជក់ថា យោធាវៀតណាមបានបោះតង់ចំនួន៣១កន្លែង នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម រវាងស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ទល់និងខេត្តអានយ៉ាង ដែលខ្សែបន្ទាត់ព្រំដែនចំណុចនេះ ពុំទាន់បានឯកភាពគ្នាឡើយ ដោយគណៈកម្មការចម្រុះព្រំដែនរវាងប្រទេសទាំងពីរ។

គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចេញសេចក្ដីបំភ្លឺទាក់ទិននឹងករណីបោះតង់តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតក្នុងតំបន់មិនទាន់ឯកភាពគ្នាក្នុងការខណ្ឌសីមា និងបោះបង្គោល ថាគ្រាន់តែបោះបណ្ដោះអាសន្ន និងក្នុងន័យទប់ស្កាត់ការឆ្លងកូវីដ១៩ប៉ុណ្ណោះ។ នេះបើយោងតាមលិខិតស្រាយបំភ្លឺរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។

គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ការបោះតង់តាមបណ្ដោយខ្សែរព្រំដែននោះ គឺដើម្បីទប់ស្កាត់នឹងការចូលមកដោយខុសច្បាប់ដែលអាចបង្កឡើងដោយ ការឆ្លងជំងឺកូវីដ១៩តាមបណ្ដោយខ្សែរព្រំដែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង