Yearendyearend1140x150

លោក ស្រ៊ុន ពៅ៖តម្រូវការសាច់ជ្រូកមិនមានការកើនឡើងនៅក្នុងឱកាសចូលឆ្នាំខ្មែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា

ភ្នំពេញ៖ តម្រូវការសាច់ជ្រូកនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ(១៤-១៥-១៦/០៤/២០២២) កន្លងទៅនេះ គឺមិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ព្រោះតូបនៅតាមផ្សារមួយចំនួនធំត្រូវបានបិទ និងពុំសូវមានមនុស្សច្រើនទេ ព្រោះប្រជាពលរដ្ឋជាច្រើនបានចេញដើរកម្សាន្ត។ ប៉ុន្តែរយៈពេលពី២-៣ថ្ងៃមុនថ្ងៃចូលឆ្នាំខ្មែរ តម្រូវការសាច់ជ្រូកគឺមានការកើនឡើងចន្លោះពី១០០០ក្បាលទៅ១៥០០ក្បាលក្នុងមួយថ្ងៃ។ នេះបើតាមការអះអាងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

លោក ស្រ៊ុន ពៅ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា តម្រូវការសាច់ជ្រូកនៅក្នុងឱកាសចូលឆ្នាំខ្មែរកន្លងទៅថ្មីៗនេះ គឺមិនមានការកើនឡើងទេ ហើយតម្លៃជ្រូកគឺនៅដដែល ដោយជ្រូករស់ពីកសិដ្ឋានផ្ទាល់មានតម្លៃចន្លោះពី១០០០០រៀល ទៅ១២០០០រៀល ក្នុងមួយគីឡូ។ រីឯតម្លៃជ្រូកធ្វើហើយ (ប៉ាយជ្រូក) សម្រាប់បោះចូលទីផ្សារគឺមានតម្លៃចន្លោះពី១៦០០០រៀល ទៅ១៦៥០០រៀល ក្នុងមួយគីឡូ។ ចំពោះតម្លៃនៅតាមទីផ្សារគឺអាចមានតម្លៃប្រែប្រួលបន្តិចបន្តួច ហើយខាងសមាគមក៏មិនអាចកំណត់តម្លៃនៅតាមទីផ្សាបរបានដែរ គឺអាស្រ័យលើអាជីវករលក់ដូរតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា ជាធម្មតា កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។ ចាប់ពីឆ្នាំ២០២១ ប្រទេសកម្ពុជា បានសម្រេចផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃ និងវៀតណាម ដោយសារការចិញ្ចឹមក្នុងស្រុកកើនលើសតម្រូវការ ហើយមកទល់ពេលនេះកម្ពុជាក៏មិនមានភាពខ្វះខាតចំពោះការផ្គត់ផ្គង់សាច់ជ្រូកទៅទីផ្សារក្នុងស្រុកដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង