Yearendyearend1140x150

អ្នកវិភាគ៖អាម៉េរិកផ្តើមឱ្យតម្លៃខ្ពស់ដល់«អាស៊ាន»ក្រោយមានវត្តមានចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពឯកសារ៖កិច្ចប្រជុំរវាងអាស៊ាន និងសហរដ្ឋអាម៉េរិក តាមប្រព័ន្ធវីដេអូនាពេលកន្លងទៅ។

ភ្នំពេញ៖ កិច្ចប្រជុំកំពូលពិសេស រវាងអាស៊ាន និងសហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមធ្វើឡើងជាផ្លូវការនៅថ្ងៃទី១២-១៣ឧសភា ឆ្នាំ២០២២។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីអាមេ៉រិក នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេស។ ជាកិច្ចប្រជុំដែលធ្វើឡើងដោយអ្នកជំនាញនយោបាយមើលឃើញថា គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងសហប្រតិបត្តិការភាពជាដៃគូរវាងសហរដ្ឋអាម៉េរិក និង អាស៊ាន។ ហើយជាការទូតថ្មីមួយ ដែលអាម៉េរិកផ្តល់សារៈសំខាន់មួយផ្នែកទៅឲ្យអាស៊ានក្នុងន័យការទូត ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និង សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ជាដើម។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានមើលឃើញថាកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាម៉េរិក គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងសហប្រតិបត្តិការភាពជាដៃគូរវាងសហរដ្ឋអាម៉េរិក និងអាស៊ាន។ លោកថា នេះក៏ជាឱកាសដែលមេដឹកនាំអាស៊ាន និងមេដឹកនាំអាម៉េរិក ដើម្បីពិភាក្សាគ្នាលើរបៀបវីរៈសំខាន់ៗជាច្រើនដែលក្នុងនោះ មានបញ្ហាប្រយុទ្ធប្រឆាំងកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ បញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ដែលមានសារៈសំខាន់ដទៃទៀតដូចជាបញ្ហានៅមីយ៉ាន់ម៉ា សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី ជាដើម។

លោកបណ្ឌិតជឿជាក់ថា បញ្ហាសមុទ្រចិនខាងត្បូង ក៏ប្រហែលជាអាចនឹងមានការលើកឡើងដែរ ព្រោះឃើញមានពាក្យមួយដែលគេបានបង្កប់នៅក្នុងរបៀបវីរៈគេសរសេជាភាសាអង់គ្លេសថា Maritime Cooperation គឺកិច្ចសហប្រតិបត្តិការផ្លូវសមុទ្រ ពិតណាស់សមុទ្រចិនខាងត្បូងដែលពាក់ព័ន្ធជាមួយនឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិចសេរី និងបើកចំហររបស់សហរដ្ឋអាមេរិកក៏ប្រហែលជានឹងត្រូវបានលើក។ បើមើលក្នុងទិដ្ឋភាពអាស៊ានវិញ គឺអាស៊ានមានទស្សនវិស័យស្តីពីឥណ្ឌូប៉ាស៊ីហ្វិច ដើម្បីរក្សាលំនឹងនិងតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយនឹងមហាអំណាចធំទាំងពីរគឺសហរដ្ឋអាមេរិក និងមហាយក្សចិន។

ចំពោះទំនាក់ទំនង លោកបណ្ឌិត មើលឃើញថាអាស៊ាន និង អាម៉េរិក ត្រូវការគ្នាទៅវិញទៅមកទៅលើសេដ្ឋកិច្ច សន្តិសុខ។ អ្វីដែលសហរដ្ឋអាម៉េរិកមើលឃើញពីអាស៊ាននោះគឺ អាស៊ានជាមជ្ឈមណ្ឌលភូមិសាស្ត្រនយោបាយ មជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើកដែលមានធនធាន ដែលមានប្រជាជនវ័យក្មេងច្រើន ជាតំបន់តភ្ជាប់ដ៏មាន សារៈសំខាន់រវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា មានន័យថាជាការតភ្ជាប់នៅតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូល។ អាស៊ានជាយុទ្ធសាស្ត្រសន្តិសុខដ៏សំខាន់របស់អាម៉េរិកដែលក្នុងដំណើរឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិច ឬដំណើរឆ្ពោះមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិចរបស់អាម៉េរិកគឺមិនអាចមើលរំលងអាស៊ីអាគ្នេយ៍ និងអាស៊ានបានទេ។

ដោយឡែកអាស៊ានវិញ អាម៉េរិកគឺជាទីផ្សារសេដ្ឋកិច្ចគឺជាដៃគូពាណិជ្ជកម្មដ៏មានសារៈសំខាន់សម្រាប់អាស៊ាន សម្រាប់ប្រទេសជាសមាជិកអាស៊ានដទៃទៀត ហើយប្រទេសខ្លះដែលជាសមាជិកអាស៊ាន អាម៉េរិកគឺជាបង្អែកសន្តិសុខដ៏សំខាន់របស់គេ ដូច្នេះបានជាទំនាក់ទំនងនេះគឺត្រូវការគ្នាទៅវិញទៅមក។ ហើយជាពិសេសចំណុចសំខាន់មួយទៀត ក្នុងបរិបទនៃការប្រកួតប្រជែងរវាងចិននិងអាម៉េរិក គឺធ្វើឲ្យសមាជិកអាស៊ានមួយចំនួនហាក់ដូចជាចាត់ទុកសហរដ្ឋអាមេរិកជាបង្អែកយុទ្ធសាស្ត្រ បង្អែកនយោបាយ បង្អែកសន្តិសុខសំខាន់របស់គេផងដែរ។

លោក បណ្ឌិត គិន ភា បានបញ្ជាក់ថា បើឆ្លុះបញ្ចាំងទៅនឹងទស្សនវិស័យប្រៀបធៀប ឃើញថាទំនាក់ទំនងចិន-អាស៊ានគឺជាទំនាក់ទំនងមួយយ៉ាងជិតស្និត ដែលមានលក្ខណៈស៊ីជម្រៅ ហើយឃើញថាក្នុ្ងងទិដ្ឋភាពសេដ្ឋកិច្ចគ្មានប្រទេសអាស៊ានណាមួយដែលមិនមានទំនាក់ទំនងស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ចជាមួយនឹងប្រទេសចិននោះទេ។ ប្រទេសចិនគឺជាងបង្អែកខាងសេដ្ឋកិច្ច ជាបង្អែកវិនិយោគ ជាបង្អែកពាណិជ្ជកម្មដ៏មានសារៈសំខាន់សម្រាប់ប្រទេសដូចជាសមាជិកអាស៊ាន។

លោក បណ្ឌិត គិន ភា បានសង្កត់ធ្ងន់ថា បើពិនិត្យទៅលើវិស័យសន្តិសុខវិញ វាហាក់មានបញ្ហាប្រឈមខ្លះសម្រាប់ប្រទេសចិន ដោយសារបញ្ហាសមុទ្រចិនខាងត្បូងដែលរាប់ជាសមាជិកអាស៊ានមួយចំនួនជារដ្ឋដែលប្រកាសរដ្ឋប្រជាធិបតេយ្យក្នុងសមុទ្រចិនខាងត្បូងគឺកំពុងតែមានបញ្ហាមិនចុះសម្រុងជាមួយចិន ហើយប្រទេសទាំងនោះបានរត់ទៅខាងអាមេរិកដើម្បីធ្វើជាខ្នងបង្អែក ដែលនោះហើយជាបញ្ហាប្រឈមមួយដែលលោកបណ្ឌិតមើលឃើញក្នុងទំនាក់ទំនងចិន-អាស៊ាន។ ប៉ុន្តែយ៉ាងណាក៏ដោយ បើនិយាយពីក្របខណ្ឌទំនាក់ទំនងជារួមរវាងចិន-អាស៊ាន ជាទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។

លោកបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា

លោកបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ជំនួបរវាងអាស៊ានជាមួយនឹងសហរដ្ឋអាមេរិកពីការទូតថ្មីមួយ ដែលអាម៉េរិកផ្តល់សារៈសំខាន់មួយផ្នែកទៅឲ្យអាស៊ានក្នុងន័យការទូត ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងជាពិសេសនៃការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ដែលអាម៉េរិកចង់បានឲ្យអាស៊ានជាជំហររឹងមាំមួយក្នុងការថ្កោលទោសរុស្ស៊ី។

ប៉ុន្តែយ៉ាងណាក្តីអាម៉េរិកគឺត្រូវការអាស៊ានក្នុងការដោះស្រាយបញ្ហាជម្លោះក្នុងតំបន់ផងដែរ។ក្រៅពីនេះគេអាចផ្តោតសំខាន់ទៅលើបញ្ហាការដោះស្រាយវិបត្តិសេដ្ឋកិច្ចក្រោយកូវីដ ឬសហប្រតិបត្តិការទៅលើពាណិជ្ជកម្ម បញ្ហាសន្តិសុខ និងបញ្ហាដទៃទៀត។ លោកបណ្ឌិតមើលឃើញថាកិច្ចប្រជុំនេះនឹងផ្តល់សារៈសំខាន់ទៅដល់អាស៊ានក៏ដូចជាអាម៉េរិកក្នុងកិច្ចការទូត។

លោកបណ្ឌិត រ៉ូ វណ្ណៈ បានលើកឡើងថា អាម៉េរិកជាមហាអំណាចផុតលេខមួយទាំងយោធា សេដ្ឋកិច្ច និងនយោបាយ។ ដូច្នេះអាស៊ានត្រូវការអាម៉េរិកដើម្បីជាឆ័ត្រការពារចំពោះការពង្រីកឥទ្ធិពលនិងអំណាចរបស់ប្រទេសចិន។ សម្រាប់សហរដ្ឋអាមេរិកចាត់ទុកអាស៊ានជាតំបន់មួយដើរតួនាទីសំខាន់ ដោយមានទម្ងន់ទីផ្សារដ៏ធំសម្រាប់សហរដ្ឋអាមេរិក។ ចំណែកក្របខណ្ឌភូមិសាស្ត្រនយោបាយវិញ អាស៊ានគឺជាចំណុចកណ្តាលស្នូលមួយនៃបណ្តាតំបន់ដែលពោរពេញទៅដោយជម្លោះដូចជាសមុទ្រចិនខាងត្បូង ឬតំបន់ទន្លេមេគង្គ ដែលជាតំបន់ភូមិសាស្ត្រនយោបាយដើរតួនាទីសំខាន់របស់អាម៉េរិកជាមួយសម្ព័ន្ធមិត្តដូចជាជប៉ុន ដើម្បីធ្វើតុល្យភាពជាមួយនឹងចិន។

លោកបណ្ឌិត បានបញ្ជាក់ថា ចិនមានមហិច្ចតាមួយគឺស្តារមុខមាត់ប្រទេសចិនឡើងវិញ ជាមហាអំណាចភូមិភាគកណ្តាលដែលក្នុងន័យភូមិសាស្ត្រនយោបាយគឺសំដៅទៅលើអនុត្តរភាពតំបន់។ ដូច្នេះចិនចង់ក្លាយជាមហាអំណាចអនុត្តរភាពតំបន់អាស៊ីឡើងវិញ នៅពេលដែលចិនធ្លាប់គ្រប់គ្រងខ្សែក្រវ៉ាត់នេះ។ ដោយសារចិនជាប្រទេសដែលមានកំណើនសេដ្ឋកិច្ឋក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ ដូច្នេះចិនមានមហិច្ចតាធ្វើជាបងធំនៅក្នុងតំបន់អាស៊ី ហើយចាត់ទុកអាស៊ានជាទីធ្លាក្រោយផ្ទះ ហើយចិនចង់រក្សាឥទ្ធិពលជាប្រពៃណីរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ មិនចង់ឲ្យមានមហាអំណាចដទៃទៀតលូកលាន់ទៅនឹងផលប្រយោជន៍របស់ចិនក្នុងតំបន់អាស៊ាន។ ដូច្នេះឃើញថាចិនមានឥទ្ធិពលជាងអាម៉េរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង