Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាមានភ្ញៀវជាង៥លាន១៧ម៉ឺននាក់ដើរលេងកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នាំ បូករួមថ្ងៃអាទិត្យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្តថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសាកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន -វៀតណាម ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់។

ឯកឧត្តមបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើន បានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលបានធ្វើឲ្យចរាចរនៅតាមដងផ្លូវជាតិសំខាន់ៗ មានភាពកកកុញច្រើន។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ តាមបណ្តាសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើក អាជីវកម្មឡើងវិញនោះ បានទទួលការកក់ពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។ 

ឯកឧត្តមបានបន្តឲ្យដឹងថា វិស័យឯកជនក៏បានចូលរួមសំដែងនូវភាពរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។ការជឿជាក់លើភាពស៊ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និង ដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើន បានជ្រើសជំរើសមិនពាក់ម៉ាស់។ 

ក្នុងន័យនេះ តាមការស្ទង់មតិនិងសង្កេតជាក់ស្តែង មិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយ ម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លង ជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯង នៅផ្ទះបានផង ដែរ។ 

ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងពេលចូលឆ្នាំ ៣ថ្ងៃ នេះ យោងតាមការសាកសួរ និងស្ទង់មតិបឋម ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកំសាន្ត ឆ្ងាយពីផ្ទះ ក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង)៕



Khcct banner

អត្ថបទទាក់ទង