Yearendyearend1140x150
Img 0571

សម្តេច ហ៊ុន សែនអញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ឥណ្ឌាជាង៣២ម៉ឺនដូស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ SPM

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២មេសានេះ​ បានអញ្ជើញក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព។

លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ផ្តល់ជំនួយវ៉ាក់សាំងកូវីសែល ចំនួន ៣២៥,០០០ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ក្នុងនោះវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកនាំមកដល់កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។ដោយឡែកវ៉ាក់សាំងចំនួន ១២៥,០០០ដូស នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២។

លោកជំទាវបានបន្ថែមទៀតថា ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយ។ ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ។

សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលក៏ដូចជាប្រជាជនឥណ្ឌាចំពោះការផ្ដល់អំណោយជាវ៉ាក់សាំងកូវីដ-១៩ នាពេលនេះសម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជាដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា អំណោយវ៉ាក់សាំងកូវី-១៩នេះ ជាសប្បុរសធម៌ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្ដួចផ្ដើមចតុភាគី ជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាអំណោយដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងឥណ្ឌានិងសមាជិកដទៃទៀតនៃគំនិតផ្ដួចផ្ដើមនេះ ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ក្នុងបរិការណ៍នៃការឆ្លងរាលដាលនៃជំងឺ Covid-19 បានថមថយ និងជារួមដោយយើងបានគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលបានយ៉ាងប្រសើរ។ សម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការពង្រឹងចំណងមិត្តភាពការជំរុញកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងកម្ពុជានិងសមាជិកដទៃទៀត ជាពិសេសរវាងកម្ពុជា និងឥណ្ឌាពាក់ព័ន្ធពាណិជ្ជកម្ម ការវិនិយោគបច្ចេកវិទ្យាព័ត៌មាន ការបន្ធូរបន្ថយលក្ខខណ្ឌធ្វើដំណើរ និងការតភ្ជាប់ជើងហោះហើរត្រង់ និងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង