Yearendyearend1140x150

រុស្ស៊ីព្រមានពី«ការប្រឈមមុខដាក់គ្នាដោយផ្ទាល់»ជុំវិញការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

រុស្ស៊ីព្រមានពី«ការប្រឈមមុខដាក់គ្នាដោយផ្ទាល់»ជុំវិញការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ប្រភពរូប៖ The Times of Israel 

រុស្ស៊ី៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានព្រមានលោកខាងលិចពីការប្រឈមមុខដាក់គ្នាដោយយោធាដោយផ្ទាល់ ប្រសិនបើរដ្ឋលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកនៅបន្តផ្ដល់ឲ្យអ៊ុយក្រែននូវអាវុធ និងគ្រាប់រំសេវ។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានធ្វើការកត់សម្គាល់ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Newsweek ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ដោយលោកបានបន្ថែមថា អ៊ុយក្រែនឥឡូវនេះកំពុងប្រើប្រាស់អាវុធរបស់លោកខាងលិច។

ការថ្លែងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីបែបនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃសៅរ៍ បានប្តេជ្ញាផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងយោធាបន្ថែមទៀតដល់ក្រុងគៀវ បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចំពេលមានជម្លោះអ៊ុយក្រែន និងរុស្ស៊ី ។

យោងតាមសេចក្តីថ្លែងការណ៍របស់ Downing Street លោក Johnson បានផ្តល់ជំនួយយោធាថ្មីនៃរថពាសដែកចំនួន ១២០ គ្រឿង និងប្រព័ន្ធមីស៊ីលប្រឆាំងនាវាថ្មីទៅកាន់ប្រទេសអ៊ុយក្រែនក្នុងអំឡុងពេលធ្វើដំណើរទស្សនៈកិច្ចរបស់លោក។ លោកក៏បានសន្យាថា នឹងផ្តល់ប្រាក់កម្ចីបន្ថែម ៥០០ លានដុល្លាររបស់ធនាគារពិភពលោកដល់អ៊ុយក្រែនផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោក Zelensky បាននិយាយថា លោកបានជូនដំណឹងដល់លោក Johnson អំពីវឌ្ឍនភាពនៃកិច្ចចរចាសន្តិភាពអ៊ុយក្រែនជាមួយរុស្ស៊ី ហើយរំពឹងថាទីក្រុងឡុងដ៍នឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ “ការធានាសន្តិសុខ” សម្រាប់អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Christine Lambrecht បាននិយាយកាលពីថ្ងៃសៅរ៍ថា អាល្លឺម៉ង់ស្ទើរតែអស់លទ្ធភាពក្នុងការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនពីទុនបំរុងរបស់កងទ័ពរបស់ខ្លួន។ លោកស្រីបានបន្ថែមថា ការបញ្ជូនដោយផ្ទាល់ពីឧស្សាហកម្មសព្វាវុធគឺអាចទៅរួច។

រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីថ្ងៃពុធបានបើកកិច្ចប្រជុំនៅទីក្រុងព្រុចសែល ស្តីពីការបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធមិត្តមួយចំនួនកំពុងផ្តល់អាវុធធុនធ្ងន់កម្រិតខ្ពស់សម្រាប់អ៊ុយក្រែនរួចហើយ ហើយថាលោករំពឹងថារដ្ឋមន្ត្រីការបរទេសនឹងធ្វើការប្តេជ្ញាចិត្តបន្ថែមទៀតអំពីរបៀបដែលណាតូអាចគាំទ្រអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ១០០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន រួមទាំងប្រព័ន្ធប្រឆាំងពាសដែកផងដែរ។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍បានបំផ្លាញតាំងយោធាចំនួន ៦៥ របស់កងទ័ពអ៊ុយក្រែនក្នុងអំឡុងពេលការវាយប្រហារតាមផ្លូវអាកាស រួមមានប៉ុស្តិ៍បញ្ជាការ និងប៉ុស្តិ៍ទំនាក់ទំនងចំនួន ៤ ឃ្លាំងអាវុធចំនួន ៣ និងចំណុចខ្លាំងចំនួន ៤១ និងកន្លែងផ្ទុកអាវុធមួយចំនួនទៀត។

យោងតាមតំណាងសិទ្ធិមនុស្សនៃសហព័ន្ធរុស្ស៊ី Tatyana Moskalikova បានឱ្យដឹងថា ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរអ្នកទោសចំនួនពីរជុំនៅយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពាក់ព័ន្ធនឹងបុគ្គលិក ៤ នាក់នៃសាជីវកម្មថាមពលនុយក្លេអ៊ែរ Rosatom និងទាហានមួយចំនួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង