Yearendyearend1140x150

លោក ងួន ឡាយ៖ទីផ្សារម្រេចកំពតក្នុងឆ្នាំ២០២២អាចនឹងល្អប្រសើរជាងឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត (រូបភាព៖ RFI)

ភ្នំពេញ៖ ការលក់ម្រេចកំពតនៅក្នុងឆ្នាំ២០២១គឺមានការកើនឡើងដល់ជាង១០០តោន ដូចនេះសម្រាប់ឆ្នាំ២០២២នេះ ទីផ្សារម្រេចកំពតអាចនឹងមានតម្រូវការច្រើនជាងឆ្នាំមុន ព្រោះបច្ចុប្បន្ននេះកសិករខ្នាតតូចបានចុះកុងត្រាជាមួយក្រុមហ៊ុននាំចេញ ដើម្បីជួយលើកស្ទួយវិស័យម្រេចកម្ពុជាឱ្យកាន់តែមានទីផ្សារទូលំទូលាយថែមទៀត។ នេះបើតាមប្រសាសន៍លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានប្រាប់ស៊ីស៊ីថាមស៍។

លោក ងួន ឡាយ បានលើកឡើងថា ស្ថានភាពនៃការដាំដោះម្រេចនៅក្នុងខេត្តកំពតបច្ចុប្បន្ន គឺមិនមានការពង្រីកផ្ទៃដីដាំដុះបន្ថែមទេ ហើយទីផ្សារម្រេចកំពតនៅក្នុងឆ្នាំ២០២២នេះ គឺមានទីផ្សារប្រហាក់ប្រហែលគ្នានិងឆ្នាំ២០២១ ឬអាចមានទីផ្សារល្អជាងនេះ ព្រោះអ្នកប្រកបអាជីវកម្មលើម្រេច ទាំងកសិករ ទាំងអ្នកកែច្នៃ និងប្រតិបត្តិករ កាន់តែមានការយល់ដឹងខ្ពស់ ដោយបានខិតខំពង្រឹងនូវអ្វីដែលមានស្រាប់ សម្រាប់បង្កើនទិន្នផល ដើម្បីធានានូវគុណភាព និងប្រភពទំនិញឱ្យបានច្បាស់លាស់ ដែលបំពេញតម្រូវការរបស់អតិថិជនទាំងក្នុងស្រុក និងក្រៅប្រទេស។

លោកបន្តថា បើក្រឡេកមើលសម្រាប់រយៈពេលប៉ុន្មានខែដំបូងនៃឆ្នាំ២០២២នេះ កម្ពុជាក៏នៅតែបន្តការនាំចេញម្រេចកំពតទៅក្រៅប្រទេសដែរ ប៉ុន្តែភាគច្រើនគឺនាំចេញប្រភេទម្រេចជ្រក់( Salty Pepper) ចន្លោះពី៦-៨តោន ហើយបច្ចុប្បន្ននេះ កសិករក៏កំពុងប្រមូលផលម្រេចស ម្រេចខ្មៅ និងម្រេចក្រហមជាបណ្តើរៗ។ រដូវកាលដែលជំរុញការនាំចេញម្រេចកំពតបានច្រើន គឺនៅក្នុងខែឧសភា មិថុនា និងកក្កដា ព្រោះជាពេលដែលកសិករប្រមូលផលម្រេចបានច្រើនដូចគ្នា។

លោកបញ្ជាក់ថា តម្លៃម្រេចកំពតដែលលក់ចេញពីកសិដ្ឋានផ្ទាល់គឺម្រេចខ្មៅតម្លៃ ១៥ ដុល្លារ, ម្រេចក្រហម ២៥ ដុល្លារ, និងម្រេចស ២៨ ដុល្លារ ក្នុង ១ គីឡូក្រាម ដោយតម្លៃនេះគឺប្រហាក់ប្រហែលនឹងឆ្នាំមុនៗដែរ ដូច្នេះតម្លៃនេះ គឺកសិករអាចទទួលយកបាន»។ រីឯម្រេចជ្រក់ដែលមិនទាន់កែច្នៃ(លក់ទាំងទង) មានតម្លៃ៥ដុល្លារទៅ៦ដុល្លារក្នុងមួយគីឡូ។

ម្រេចកំពតភាគច្រើនមានទីផ្សារនាំចេញទៅសហគមន៍អឺរ៉ុប អាមេរិក និងតំបន់អាស៊ីមួយចំនួនដូចជា៖ កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ ហុងកុង ជាដើម។ ការនាំចេញម្រេចទៅទីផ្សារក្រៅប្រទេសដែលមានចម្ងាយឆ្ងាយក៏មានជួបបញ្ហាមួយចំនួនដែរដូចជា ការឡើងថ្លៃការដឹកជញ្ជូនតាមផ្លូវអាកាស ប៉ុន្តែក្រុមហ៊ុនមួយចំនួននៅតែបន្តកម្ម៉ង់ម្រេចកំពត ហើយគ្រាន់តែកម្ម៉ង់តិចជាងមុន គឺចន្លោះពី៥០០គីឡូ ទៅ១តោនតែប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍ប្រធានសមាគមម្រេចកំពត។

គួរបញ្ជាក់ថា កម្ពុជានាំចេញផលិតផលម្រេចបានប្រមាណ ២៧ ៧៣០,០៧ តោននៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ កើនឡើង ៤៥៦,៥៣% ដោយក្នុងនោះមានទាំងម្រេចកំពត ដែលជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) និងម្រេចធម្មតាមិនមានសម្គាល់ទីតាំងភូមិសាស្ត្រ។ នេះបើតាមរបាយការណ៍ពីក្រសួងកសិកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង