Cc time
Cct850x100 1
Itt 0  web banner

ក្រសួងពាណិជ្ជកម្មនឹងជួយឱ្យវិស័យSMEកម្ពុជាអាចនាំចេញទំនិញខ្នាតតូចទៅទីផ្សារអន្តរជាតិបាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការ Swisscontact Cambodia ដែលជាតំណាងឱ្យសម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានរៀបចំកិច្ចប្រជុំចាប់ផ្តើម (Kick-off Meeting) ក្នុងការអនុវត្តសមាសភាពទី១ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME) ដើម្បីអាចនាំចេញទៅទីផ្សារអន្តរជាតិបាន។

បើតាមក្រសួងពាណិជ្ជកម្ម ការអនុវត្តសមាសភាពទី១ នៃគម្រោងនេះគឺការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន (Electronic Advanced Data - EAD) រវាងប្រព័ន្ធ ASYCUDA World របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងប្រព័ន្ធបញ្ចេញទំនិញ (CDS) នៃប្រៃសណីយ៍កម្ពុជា ដើម្បីជួយសម្រួលបន្ថែមនូវការបញ្ជូនប្រព័ន្ធទិន្នន័យនិងព័ត៌មានមុនពេលដឹកជញ្ជូនទំនិញទៅដល់ប្រទេសដៃគូពាណិជ្ជកម្ម ក្នុងគោលបំណងជួយសហគ្រាសធុនតូច និងមធ្យមកម្ពុជាអាចលក់និងនាំចេញទំនិញខ្នាតតូចទៅកាន់ទីផ្សារអន្តរជាតិបានតាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ជាមួយគ្នានេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងការថ្លែងអំណរគុណ និងគាំទ្រទាំងស្រុងចំពោះការអនុវត្តគម្រោង SeT4SME ដោយមានកិច្ចសហប្រតិបត្តិការ និងការអនុវត្តពីវិស័យសាធារណៈ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។

ក្រៅពីនេះ ក៏មានការរំលេចពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ (Partnership Agreement) ជាមួយអង្គការ Swisscontact ដែលគម្រោង SeT4SME ចូលរួមអនុវត្ត និងផ្តល់តម្លៃបន្ថែមសម្រាប់ការអនុវត្តន៍សមាសភាគទី៣ នៃគម្រោង Go4eCAM ស្តីពីការត្រៀមខ្លួនរបស់ប្រៃសណីយ៍កម្ពុជាក្នុងការចូលរួមធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឡិចត្រូនិក ជាពិសេស ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែន របស់សហគ្រាសធុនតូច និងមធ្យម។

លោកជំទាវបានបន្ថែមថា ការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុន ក៏នឹងចួលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបន្ថែមទៀតនូវកិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញ និងបំពេញកាតព្វកិច្ចក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការ WTO ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំចាប់ផ្តើម (Kick-off Meeting) ក្នុងការអនុវត្តសមាសភាពទី១ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់សហគ្រាសធុនតូច និងមធ្យម (SeT4SME) ដោយមានការចូលរួមពីអគ្គនាយកប្រៃសណីយ៍កម្ពុជា នាយកនៃអង្គការ Swisscontact តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) និងតំណាងសហភាពប្រៃសនីយ៍សកល (UPU)៕


Khcct banner

អត្ថបទទាក់ទង