Yearendyearend1140x150

រដូវចូលឆ្នាំថ្មីនេះយុវជនរីករាយនឹងល្បែងប្រជាប្រិយខ្មែរ ក្រោយខកខានពីរឆ្នាំ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងរដូវកាលចូលឆ្នាំខ្មែរឆ្នាំថ្មីនេះ​ សង្គេតឃើញថាមានការរៀបចំសង្រ្កាន្ត បុណ្យភូមិ និងការលេងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយនៅតាមតំបន់​ តាមខេត្តរាជធានី។​​ ក្នុងឆ្នាំ២០២២នេះ សម្រាប់ការរៀបចំកម្មវិធីទាក់ទងកម្មវិធីសង្រ្កាន្តឆ្នាំថ្មីមានការរៀបចំយ៉ាងច្រើន ហើយក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសយុវជនយ៉ាងច្រើនផងដែរ។

ដោយឡែកនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យភូមិន្ធភ្នំពេញបានរៀបចំកម្មវិធីសង្រ្កាន្ត RUPP ដែលមានការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងនោះដែរ ឃើញថាមានការចូលរួមពីសំណាក់និស្សិតយ៉ាងច្រើនបានលេងនូវល្បែងប្រជាប្រិយខ្មែរដូចជា បោះអង្គញ់​ ចោលឈូង វាយក្អម លាក់កន្សែង ការរាំលេងកម្សាន្ត ការលេងហ្គេមចាប់រង្វាន់ និងការលេងល្បែងប្រជាប្រិយជាច្រើនទៀត។

យុវជន ជា សក្កដា ជានិស្សិតឆ្នាំទី២សិក្សាជំនាញគីមីវិទ្យានៃសាកលវិទ្យាល័យភូមិន្ធភ្នំពេញ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ ពីចំណាប់អារម្មណ៍របស់ខ្លួនថា ពេលបានចូលរួមកម្មវិធីសង្រ្កាន្ត RUPP រូបគេពិតជាមានអារម្មណ៍សប្បាយរីករាយណាស់​ ព្រោះបានឃើញទិដ្ឋភាពជាច្រើនទាក់ទងនឹងការលេងល្បែងប្រជាប្រិយខ្មែរ។ សក្កដា ពិតជាចង់ឲ្យមានការប្រារព្ធពិធីសង្រ្កាន្ត RUPPនេះ ដើម្បីឲ្យពលរដ្ឋខ្មែរ ជាពិសេសយុវជនបានលេងកម្សាន្ត និងស្គាល់ពីប្រពៃណីវប្បធម៌របស់ជាតិខ្មែរ។

យុវតី ម៉ៅ សុធាវី ជានិស្សិតឆ្នាំទី៣សិក្សាជំនាញទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ធភ្នំពេញ បានឲ្យដឹងថា ចំពោះការរៀបចំកម្មវិធីសង្រ្កាន្ត RUPP ពិតជាល្អព្រោះបានឃើញពីការលេងល្បែងប្រជាប្រិយ និងការរាំលេងកម្សាន្តចង្វាក់ប្រពៃណីជាតិ។ សុធាវី និងមិត្តភក្តិបានចូលរួមលេងល្បែងប្រជាប្រិយដូចជា បោះអង្គញ់ វាយក្អម និងលាក់កន្សែង។ ការចូលរួមក្នុងកម្មវិធីសង្រ្កាន្ត RUPP ធ្វើឲ្យសុធាវី បានឃើញទិដ្ឋភាពសប្បាយ និងកាត់បន្ថយភាពតានតឹងពីការរៀនសូត្រ។

យុវតី សុខ ម៉ូលីណា ជានិស្សិតឆ្នាំទី១សិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ធភ្នំពេញ យល់ឃើញថា ការដែលពលរដ្ឋចាប់ផ្តើមលេងល្បែងប្រជាប្រិយខ្មែរក្នុងរដូវកាលចូលឆ្នាំខ្មែរ គឺពិតជាសកម្មភាពដ៏ល្អ ដើម្បីជាការបង្ហាញជាគំរូដល់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់ និងអនុវត្តថែរក្សានូវប្រពៃណីវប្បធម៌ដ៏ល្អផូរផង់ដែលដូនតាពីជំនាន់មុនបានបង្កើតឡើងដល់កូនចៅបានស្គាល់និងលេងកម្សាន្តក្នុងឱកាសបុណ្យជាតិខ្មែរ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំសង្រ្កាន្តនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក-៥:០០ល្ងាច។ កម្មវិធីសង្រ្កាន្តRUPP និស្សិតអាចចូលរួមដោយសេរី និងលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត ព្រមទាំងមានកម្មវិធីកម្សាន្តជាច្រើនទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង