Yearendyearend1140x150

ស្ទឹងត្រែងជាខេត្តទី១ ដាក់ការអនុវត្តយុទ្ធនាការ «អន្ទាក់សូន្យ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែង បានបើកយុទ្ធនាការ អន្ទាក់សូន្យ នៅថ្ងៃទី០៧ មេសា និងជាខេត្តទីមួយដែលបានបើកយុទ្ធនាការរបស់ខ្លួននៅក្នុងបណ្តាខេត្តគោលដៅដ៏ទៃទៀត។ គោលដៅចម្បងនៃយុទ្ធនាការនេះ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ អន្ទាក់ សម្លាប់សត្វព្រៃ ដោយ មិន រើស មុខឡើយរាប់ចាប់ ពី ពពួកសត្វអណ្តើក រហូតដល់សត្វ ដំរី ពពួកពានរ ក៏ដូចជា សត្វ ស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។

លោកនេត្រ ភក្ត្រា បានបន្ដថា ក្នុងរយៈពេលប៉ុន្មានជិត ១០ ឆ្នាំចុងក្រោយនេះ ការបង្កើនការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងការអភិរក្សធនធានធម្មជាតិមានភាពកាន់តែល្អប្រសើរ ដូច្នេះប្រភេទសត្វព្រៃមួយចំនួនរក្សាបានស្ថេរភាពដូចជាប្រភេទស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ ប្រភេទសត្វព្រៃខ្លះកើនឡើងដូចសត្វក្ងោក ស្វាត្រោសជាដើម ប៉ុន្តែប្រភេទសត្វក្រចកជើងចំពាម ដូចជា សត្វទន្សោង សត្វខ្ទីង សត្វប្រើស សត្វឈ្លូស ក្តាន់ រម៊ាំង បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

តាមរយៈយុទ្ធនាការនេះ ក្រសួងបរិស្ថានមានជំនឿថានឹងមានការកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹមតែផ្តល់ជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វព្រៃរស់នៅនោះទេ តែក៏ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះក្នុងការរស់នៅផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង