Yearendyearend1140x150

បណ្ឌិត ឈត ប៊ុនថង៖ការលេងល្បែងប្រជាប្រិយខ្មែរថយចុះ ដោយសារពលរដ្ឋជ្រើសវិធីកម្សាន្តផ្សេង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

ភ្នំពេញ៖ តាំងពីសម័យបុរាណមក ពលរដ្ឋខ្មែរនៅពេលដល់រដូវបុណ្យចូលឆ្នាំខ្មែរតែងតែនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរនៅតាមភូមិ វត្តអារាម ឬកន្លែងប្រមូលផ្តុំណាមួយ។ ប៉ុន្តែបច្ចុប្បន្នការលេងល្បែងប្រជាប្រិយខ្មែរមានការថយចុះ បើប្រៀបធៀបពេលមុនៗ។ ការថយចុះអាចមកពីកត្តារួមផ្សំ និងដោយសារពលរដ្ឋមានជម្រើសក្នុងការកម្សាន្តច្រើន។ នេះបើតាមលោកបណ្ឌិត ឈត ប៊ុនថង ជាមន្រ្តីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ ក្នុងរដូវកាលបុណ្យទានផ្សេងៗ គេតែងសង្គេតឃើញពលរដ្ឋមួយចំនួនបានធ្វើដំណើរកម្សាន្តតាមតំបន់ទេសចរណ៍ និងដំណើរកម្សាន្តនៅក្រៅប្រទេស ឬការរៀបចំពិធីនៅតាមផ្ទះហូរហែ។ កាលពីមុនពលរដ្ឋខ្មែរមិនសូវមានជម្រើសច្រើន ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាមានរថយន្តទំនើបល្អៗ រថយន្តធំ តូច រថយន្តក្រុង ឈ្នួលដែលអាចទៅទីកន្លែងឆ្ងាយបាន។ ចំពោះពលរដ្ឋមិនមានមធ្យោបាយផ្លូវឆ្ងាយ គឺលេងល្បែងប្រជាប្រិយខ្មែរនៅតាមភូមិ សហគមន៍ ឬក្នុងវត្តអារាមជាដើម។

លោកបណ្ឌិត ឈត ប៊ុនថង បានបន្តថា កាលពីយូរលង់ណាស់មកហើយ ពលរដ្ឋខ្មែរនិយមលេងល្បែងប្រជាប្រិយច្រើនបំផុតនៅតាមទីវត្តអារាម ហើយនៅទីវត្តអារាមមានព្រះចៅអធិការ គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ ឬគណៈកម្មាការវត្តសម្រួលទាំងទីកន្លែង និងសម្ភារៈ ឬការគ្រប់គ្រងក្នុងការលេងល្បែងប្រជាប្រិយទាំងអស់នោះ។ ប៉ុន្តែឥឡូវនេះនៅតាមវត្តក្នុងខេត្ត ឬរាជធានី វត្តមួយចំនួនពោរពេញដោយចេតិយ កុដិ ឬសំណង់ផ្សេងៗ ដូច្នេះការមានការពិបាករៀបចំការលេងល្បែងប្រជាប្រិយ។

លោកបណ្ឌិត ឈត ប៊ុនថង បានថ្លែងថា សមាគមទូរទស្សន៍ជាតិខំប្រឹងរៀបចំលេង និងថតបង្ហាញការច្រៀងរាំប្រពៃណី និងការលេងល្បែងប្រជាប្រិយខ្មែរក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង វាយក្អម និងល្បែងប្រជាប្រិយជាច្រើនទៀតដែលរាប់មិនអស់ ដើម្បីចាក់បញ្ចាំងដល់ប្រជាពលរដ្ឋបានទស្សនា។ ទន្ទឹមនេះ រដ្ឋាភិបាល និងគណៈអភិបាលខេត្តក្រុង ក៏មានរៀបចំសង្រ្កាន្តនៅតាមបណ្តាទីតាំងខេត្តរបស់ខ្លួន ហើយល្បែងប្រជាប្រិយទាំងនោះក៏បានរស់ឡើងវិញជាបណ្តើរៗ។

ដូច្នេះដើម្បីរក្សាប្រពៃណីវប្បធម៌ខ្មែរឲ្យបានគង់វង្ស ត្រូវតែរួមគ្នាទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងអាជ្ញាធរពាក់ព័ន្ធដូចជាក្រសួងវប្បធម៌ ក្រសួងធម្មការ និងសាសនា ក្រសួងទេសចរណ៍ គណៈគ្រប់គ្រងវត្តអារាម អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់កម្រិត ប្រសិនបើយើងព្រួយបារម្ភការថយចុះនូវការលេងល្បែងប្រជាប្រិយដែលជាចំណែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ គឺយើងរួមគ្នាបង្កឲ្យមានការលេងល្បែងប្រជាប្រិយ។ លោកបណ្ឌិតបានបញ្ជាក់ថា វត្តអារាម ក្រសួងពាក់ព័ន្ធ ឬ អាជ្ញាធរ គ្រាន់តែដើរតួនាទីបង្កលក្ខណៈ ឬក៏រៀបចំឲ្យបានលេងល្បែងប្រជាប្រិយខ្មែរ ប៉ុន្តែមិនអាចទៅចាប់បង្ខំឲ្យប្រជាពលរដ្ឋត្រូវតែលេងនោះបានដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង