Yearendyearend1140x150

អ្នកលក់៖ «ការលក់ម៉ាសអត់ដាច់ដូចមុន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ តម្លៃម៉ាសដែលធ្លាប់តែមានតម្លៃខ្ពស់ខ្លាំង ហើយលក់មិនដែលសល់ឡើយ ក្នុងកំឡុងពេលឆ្លងជាបន្តបន្ទាប់នោះ ហើយបែរជាឥឡូវនេះ តម្លៃចុះថោកជាងពាក់កណ្ដាលហើយ លក់មិនសូវដាច់ទៀត។ ការលក់មិនដាច់នេះ គឺបន្ទាប់ពីកម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ១០០% (មួយរយភាគរយ) ហើយក៏មិនមានករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩។

អ្នកស្រី លី វួចលីម អាជីវករលក់អីវ៉ាន់ចាប់ហួយម្នាក់នៅផ្សារធំថ្មី និយាយថា កាលពីមុន អ្នកស្រីលក់ម៉ាសបានចាប់ពី៥០ ទៅ៦០ប្រអប់ ក្នុង១ថ្ងៃៗ ក្នុងតម្លៃ ១២ដុល្លារ។ តែផ្ទុយទៅវិញ ឥឡូវបរិមាណនៃការលក់ចេញ ក៏ថយចុះ។ ពីរបីថ្ងៃមុន អ្នកស្រីលក់បាន ៤ប្រអប់ក្នុងមួយថ្ងៃ មកទល់ថ្ងៃនេះ អ្នកស្រីអះអាងថា លក់អត់ដាច់សោះ តែទោះបីជាតម្លៃម៉ាសធ្លាក់ចុះត្រឹមតែ ៦.៥ ដុល្លារក៏ដោយ។

អ្នកនាង ជា រស្មី ជាអាជីវករម្នាក់នៅក្បែរផ្សារធំថ្មី ប្រាប់ថា «នៅតូបរបស់ខ្ញុំ លក់ម៉ាសដាច់ណាស់ពីមុន ក្នុងមួយថ្ងៃៗ លក់ម៉ាសបានចំនួន ៥០ម៉ាស សេរី ម៉ាស ៤ជាន់ ហើយកាលនោះខ្ញុំលក់ម៉ាសមួយក្នុងតម្លៃ ២០០០រៀល។ តែក្រោយមក ខ្ញុំលក់ចុះត្រឹមតែ ១៥០០រៀលទេ តែ១ដុំ កន្លះខែអីទើបលក់អស់មួយដុំ»។

បន្ថែមពីនេះ អ្នកនាង រស្មី ថា អ្នកនាងសង្កេតឃើញថា ប្រជាជនភាគច្រើនគិតថា ជំងឺឆ្លងកូវីដ-១៩ ប៉ុន្មានថ្ងៃនេះ លែងជាបញ្ហា មិនមានចំនួនករណីឆ្លងថ្មីនោះឡើយ ទើបភាគប្រជាជនលែងប្រើម៉ាស។ លើសពីនេះ អាជីវករនារីរូបនេះ បញ្ជាក់ថា ពីមុន ១០នាក់ ពាក់ម៉ាស ៩នាក់ តែឥឡូវ ១០នាក់ អ្នកនាងឃើញពាក់ត្រឹមតែ ១ទៅ២នាក់តែប៉ុណ្ណោះ។

លោក ឡាយ ប៊ុនសេង ម្ចាស់តូបលក់ម៉ាសមួយកន្លែង នៅក្នុងផ្សារអូរឬស្សី និយាយថា នៅតូបលោកមានម៉ាសប្រភេទវៀតណាម ប្រភេទចិន និងប្រភេទខ្មែរ ក៏មានដែរ។ ហើយជាឧទាហរណ៍ ម៉ាសមួយប្រអប់តម្លៃ១៨ ទៅ២០ដុល្លារអាមេរិក ហើយបើមានប៉ុន្មានប្រអប់ អស់ប៉ុណ្នឹង មិនសូវសល់ទេ មានតែដាច់ស្តុកទៀត។ ប៉ុន្មានថ្ងៃនេះ ចុះតម្លៃត្រឹមតែ ៣.៥ដុល្លារទៅ ៤ដុល្លារអាមេរិក លក់បានត្រឹមតែ ១០ប្រអប់ច្រើនបំផុតហើយ។ លោកថា មិនសូវមានគេទិញម៉ាសទេ ហើយក៏មិនសូវមានគេពាក់ម៉ាសដែរ សម្រាប់ថ្ងៃនេះលក់ម៉ាសបានត្រឹមតែ ០២ ឬ០៣ប្រអប់តែប៉ុណ្ណោះ។

បើក្រឡេកទៅមើល នៅខាងឱសថដ្ឋានមួយកន្លែង នៅក្បែរផ្សារគីឡូម៉ែត្រលេខ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក លោក ម៉ុក សារ៉ាត អាយុ ៣០ឆ្នាំ ម្ចាស់ឱសថដ្ឋានខាងលើ និយាយថា ពីមុនទាំងម៉ាស អីវ៉ាន់ផ្សេងៗទៀត ក៏ឡើងថ្លៃដែរ ជាតម្រូវរបស់ប្រជាជន។ ភាគច្រើន នៅកន្លែងលោក ពីមុនក៏ដោយ អ្នកទិញម៉ាសលក្ខណៈទិញរាយ មិនមែនទិញជាប្រអប់ៗឡើយ តែសរុបក្នុងមួយថ្ងៃ លក់បាន ៥ ទៅ៦ប្រអប់ ហើយលក់រាយ ម៉ាសមួយលក់ក្នុងតម្លៃ ២០០០រៀល។ ដល់ឥឡូវលក់ត្រឹមតែ ១៥០០រៀល លក់ចេញ មួយ ឬពីរ តែប៉ុណ្ណោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ម៉ាស់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង