Yearendyearend1140x150
Img 0571

កម្ពុជាចង់ពន្លឿនការតភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌាដើម្បីជំរុញលំហូរទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងឱកាសជួបពិភាក្សាជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជាបានស្នើទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ ជួយជំរុញចរន្តភ្ញៀវទេសចរពីឥណ្ឌាមកកាន់កម្ពុជាបន្ថែមទៀត ព្រមទាំងស្នើពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការទាក់ទាញលំហូរភ្ញៀវទេសចរចូលមកកម្ពុជា។ នេះបើតាមក្រសួងទេសចរណ៍។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើតាមរយៈលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ដើម្បីជួយជំរុញបន្ថែមទៀតនូវចរន្តភ្ញៀវទេសចរពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ពិសេសនៅសៀមរាប-អង្គរ ដែលមានសក្ដានុពលផ្នែកទេសចរណ៍សាសនា និងទេសចរណ៍អាពាហ៍ពិពាហ៍ (Honeymoon) ក្រោយកម្ពុជាបានបន្ធូរបន្ថយលក្ខខណ្ឌកូវីដមួយចំនួនធំ សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ទន្ទឹមនឹងនេះ ឯកឧត្ដម ក៏បានជំរុញឱ្យភាគីឥណ្ឌាជួយពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ទៅមកកម្ពុជា-ឥណ្ឌា ដើម្បីគាំទ្រដល់ការជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក ប៉ុន្តែនៅចំពោះមុខនេះគួរត្រូវចាប់ផ្តើមពីការរៀបចំមានហោះហើរមួយសប្តាហ៍ម្តងមកភ្នំពេញ ឬសៀមរាបជាមុនសិន។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានឱ្យដឹងថា លោកស្រីកំពុងខិតខំពិភាក្សា ក៏ដូចជាជំរុញឱ្យវិស័យឯកជនខាងភាគីឥណ្ឌារៀបចំឱ្យមាន Charter Flight ឬ Direct Flight ពីទីក្រុងណាមួយរបស់ឥណ្ឌាមកកាន់កម្ពុជា ដោយលោកស្រីបានលើកឡើងថា ពេលនេះជាពេលល្អបំផុតសម្រាប់ភ្ញៀវទេសចរឥណ្ឌាក្នុងការមកទស្សនាកម្ពុជា ខណៈកម្ពុជាមានការអភិវឌ្ឍច្រើន ម្យ៉ាងទៀតរាជរដ្ឋាភិបាលក៏បន្ធូរបន្ថយលក្ខខណ្ឌស្ទើរទាំងអស់ពាក់ព័ន្ធនឹងរបាំងនៃការធ្វើដំណើរ។

ក្រសួងទេសចរណ៍បញ្ជាក់ថា ដោយសារបច្ចុប្បន្នមិនទាន់មានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដូច្នេះភ្ញៀវទេសចរនិងអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសឥណ្ឌាមកកាន់កម្ពុជា គឺត្រូវផ្លាស់ប្ដូរជើងហោះហើរនៅប្រទេសថៃ ឬសិង្ហបុរី មុននឹងបន្តដំណើរមកដល់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង