Cc time
Cct850x100 1
Itt 0  web banner

ក្រសួងបរិស្ថាន ផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដាំដុះរុក្ខជាតិក្រវាញ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងបរិស្ថាន​

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ក្រោមការគាំទ្រពីធានាគារពិភពលោក បានរៀបចំចងក្រងរចនាសម្ព័ន្ធក្រុមប្រមូលផលក្រវាញ និងផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការដាំដុះរុក្ខជាតិក្រវាញក្នុងប្រព័ន្ធកសិរុក្ខកម្ម និងការដាំស្តារក្រវាញក្នុងព្រៃធម្មជាតិនៅសហគមន៍តំបន់ការពារធម្មជាតិអូរជាំក្នុងខេត្តបាត់ដំបង និង សហគមន៍ភូមិទំព័រក្នុងខេត្តពោធិ៍សាត់។

បើតាមការបញ្ជាក់ពីលោក ផេង ប៊ុនថា អនុប្រធានការិយាល័យ និងជាមន្ត្រីបច្ចេកទេសផ្នែកជីវភាពសហគមន៍ បានឱ្យដឹងថាកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់សហគមន៍ក្នុងសកម្មភាពដាំស្តារក្រវាញដែលអាចបង្កើនប្រាក់ចំណូលដល់សហគមន៍តាមរយៈការបង្កើនចំណេះដឹងដល់ប្រជាសហគមន៍អំពីបច្ចេកទេសដាំរុក្ខជាតិក្រវាញជាលក្ខណៈគ្រួសារដែលមានទាំងគុណភាពនិងអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារផងដែរ។

លោក អ៊ឹម ប៊ុនរឿន ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិអូរជាំ ក៏បានសំដែងអារម្មណ៍រីករាយសម្រាប់ការចូលជួយជ្រោមជ្រែងពីគម្រោងក្នុងការពង្រឹងសមត្ថភាពប្រជាសហគមន៍មានទាំងបច្ចេកទេសសម្ភារ និងពូជក្រវាញផងដែរ។ រូបលោកបានបញ្ជាក់ថា ការអនុវត្តផែនការសកម្មភាពដាំស្តារក្រវាញនេះគឺពិតជាមានសារៈសំខាន់ណាស់ដោយមួយផ្នែកគឺកាត់បន្ថយហានិភ័យពីការបាត់បង់ពូជក្រវាញហើយមួយផ្នែកទៀតគឺប្រជាសហគមន៍មិនចំណាយពេលច្រើនដើម្បីទៅស្វែងរកក្រវាញនៅលើភ្នំឆ្ងាយៗ។

យ៉ាងណាម៉ិញ ក្រុមការងារនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា បានរៀបចំកម្មវិធីនៅសហគមន៍តំបន់ការពារធម្មជាតិអូរជាំមានទីតាំងស្ថិតនៅភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូខេត្តបាត់ដំបង់នាថ្ងៃទី២៩ខែមីនាឆ្នាំ២០២២ដោយមានវត្តមានចូលពីសមាជិកសហគមន៍ មន្ត្រីឧទ្យានុរក្ស មន្ត្រីមកពីមន្ទីរបរិស្ថានខេត្តនិងក្រុមប្រឹក្សាបចេ្ចកទេសរបស់កម្មវីធីសរុបមានចំនួន៣៣នាក់ក្នុងនោះមានអ្នកចូលរួមជានារីចំនួន៩នាក់។ហើយដោយឡែកសម្រាប់សហគមន៍ភូមិទំព័រក្នុងខេត្តពោធិ៍សាត់វិញ ក្រុមការងារបានរៀបចំឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ហើយមានអ្នកចូលរួបសរុបចំនួន២៣នាក់ក្នុងនោះមានវត្តមានជានារីចំនួន៦នាក់។

គួរបញ្ជាក់ថាគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាបានជួយទៅដល់សហគមន៍តំបន់ការពារធម្មជាតិអូរជាំក្នុងខេត្តបាត់ដំបង និង សហគមន៍ទំព័រក្នុងខេត្តពោធិ៍សាត់តាមរយៈផ្តល់ការគាំទ្រទាំងបច្ចេកទេសពីការដាំដុះក្រវាញ ការស្វែងរកទីផ្សារ និងមានទាំងសម្ភារ និងការផ្តល់ពូជក្រវាញសម្រាប់ដាំដុះផងដែរ៕

រូបភាព៖ ក្រសួងបរិស្ថាន​


Khcct banner

អត្ថបទទាក់ទង