Yearendyearend1140x150

កូរ៉េខាងត្បូងក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីលំដាប់ទី៣នៅកម្ពុជាបន្ទាប់ពីចិននិងជប៉ុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ (រូបភាព៖ ក្រសួងសេដ្ឋកិច្ច)

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់លំដាប់ទី៣ ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន។ នេះជាការលើកឡើងរបស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩៦ ដល់បច្ចុប្បន្ន សាធារណរដ្ឋកូរ៉េបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណជា ៤៣១ លាន ដុល្លារអាមេរិក។ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពីឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េបានផ្តល់ឥណទានសម្បទានដល់កម្ពុជានូវទឹកប្រាក់សរុបប្រមាណជាង ១ ២១១ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោង/ កម្មវិធីអភិវឌ្ឍន៍ចំនួន ២៦ គម្រោង។

គម្រោងទាំងអស់នោះសុទ្ធសឹងជាគម្រោងអាទិភាព ក្នុងការផ្តល់ឥណទានសម្បទានរបស់ខ្លួន ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីយុទ្ធសាស្រ្តត្រីកោណ រហូតដល់យុទ្ធសាស្ត្រចតុកោណ- ដំណាក់កាលទី៤ដែលបានធ្វើឱ្យសាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ទ្វេភាគីដ៏សំខាន់ លំដាប់ទី ៣ ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសជប៉ុន ។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ(Kita) ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ សម្រេចបានក្នុងទឹកប្រាក់សរុបជិត៨៧០លានដុល្លារ កើន៨,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ក្នុងនោះ ការនាំចេញរបស់កម្ពុជាកើនជិត៦ ភាគរយ និងនាំចូលកើនជាង១០ភាគរយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង